សហភាពអឺរ៉ុប (EU) បាននិយាយកាលពីថ្ងៃសុក្រ ទី១៩ ខែកញ្ញា ថានឹងនាំមកនូវបម្រាមក្នុងរយៈពេល១ឆ្នាំទៀតលើការនាំចូលឧស្ម័នរបស់រុស្សី ជាផ្នែកនៃទណ្ឌកម្មថ្មីដើម្បីបំផ្លាញទុនសង្រ្គាមរបស់ទីក្រុងមូស្គូ និងបំពេញចិត្តប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។
កញ្ចប់ទី១៩នៃទណ្ឌកម្មរបស់សហភាពអឺរ៉ុបដែលដាក់គោលដៅលើទីក្រុងមូស្គូ ចាប់តាំងពីការវាយលុកលើអ៊ុយក្រែននៅឆ្នាំ២០២២ ក៏នឹងស្វះស្វែងដើម្បីធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុននានា ក៏ដូចជាធនាគារ និងពាណិជ្ជករនៅក្នុងប្រទេសចិន ឥណ្ឌា និងប្រទេសទីបីផ្សេងទៀតដែលត្រូវបានចោទប្រកាន់ថាបានជួយរុស្សីគេចវ៉េសពីការដាក់ទណ្ឌកម្ម។

នៅក្រោមសំណើ ដែលត្រូវការការយល់ព្រមពីប្រទេសជាសមាជិកទាំង២៧ប្រទេសរបស់ប្លុកនេះ គណៈកម្មការអឺរ៉ុប មានគោលបំណងបញ្ឈប់ការទិញឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសរុស្ស៊ីនៅខែមករា ឆ្នាំ ២០២៧។
ប្រធានគណៈកម្មការលោកស្រី Ursula von der Leyen បាននិយាយថា «សេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៊ីត្រូវបានទ្រទ្រង់ដោយប្រាក់ចំណូលពីឥន្ធនៈហ្វូស៊ីល។ យើងមានបំណងកាត់បន្ថយប្រាក់ចំណូលទាំងនេះ» ។ «ដល់ពេលហើយដែលត្រូវបិទក្បាលម៉ាស៊ីន»។
កញ្ចប់ទណ្ឌកម្មថ្មីនេះ ធ្វើឡើងខណៈសហរដ្ឋអាមេរិកដាក់សម្ពាធលើសហភាពអឺរ៉ុបឱ្យបញ្ចប់ការនាំចូលឥន្ធនៈហ្វូស៊ីលពីប្រទេសរុស្ស៊ី ហើយប្លុកនេះព្យាយាមបញ្ចុះបញ្ចូលលោក Trump ឲ្យប្រកាន់ជំហរតឹងរ៉ឹងលើក្រុងមូស្គូជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ សហភាពអឺរ៉ុប បានហាមឃាត់ប្រេងរុស្ស៊ីភាគច្រើនរួចហើយ ក្រោមការដាក់ទណ្ឌកម្មកាលពីពេលមុន ដោយកាត់បន្ថយចំណែកដែលខ្លួនបាននាំចូលពី២៩ភាគរយនៅដើមឆ្នាំ២០២១ មកនៅត្រឹម២ភាគរយនៅពាក់កណ្តាលឆ្នាំ២០២៥។
