ភ្នំពេញ ៖តាមរយៈសារពិសេសផ្ញើជូនជនរួមជាតិកម្ពុជា «ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ» នៅថ្ងៃទី២១ កញ្ញា ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលមិនដែលភ្លេចឡើយនូវយោធិនទាំង១៨រូប ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការឃុំគ្រងដោយភាគីថៃ។ ខណៈរាជរដ្ឋាភិបាលកំពុងអនុវត្តគ្រប់មធ្យោបាយដើម្បីព្យាយាមជួយឱ្យពួកគាត់ធ្វើមាតុភូមិនិវត្ត និងជួបជុំគ្រួសារឱ្យបានឆាប់រហ័សជាទីបំផុត និងប្រកបដោយសុវត្ថិភាព។
បើតាមក្រសួងការពារជាតិកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែកញ្ញានេះ គឺមានរយៈពេល ៥៤ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាបន្ត អំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ក្នុងឱកាសភ្ជុំបិណ្ឌនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនវីរកងទ័ព និងវីរនគរបាលដែលបានឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារ និងស្រុកកំណើត ដើម្បីបម្រើ និងការពារជាតិមាតុភូមិនៅតាមខ្សែត្រៀមជួរមុខទាំងអស់។ដោយសារវីរភាពមិនអាចកាត់ថ្លៃបានរបស់បងប្អូនវីរកងទ័ព និងវីរនគរបាលគ្រប់រូប ទើបប្រជាជនខ្មែរយើងនៅទូទាំងប្រទេសអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនាពេលនេះបាន។
