រដ្ឋាភិបាលបាននិយាយថា យន្តហោះចម្បាំងអង់គ្លេសបានហោះហើរ ការការពារដែនអាកាសប្រទេសជាសមាជិក NATOលើកដំបូង លើប្រទេសប៉ូឡូញ ដែលជាផ្នែកមួយនៃបេសកកម្ម Eastern Sentry របស់អង្គការណាតូ ក្នុងគោលបំណងពង្រឹងការការពាររបស់សម្ព័ន្ធភាពលោកខាងលិច បន្ទាប់ពីការលុកលុយរបស់យានដ្រូនរុស្ស៊ីក្នុងខែនេះ។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បេសកកម្មដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទ ១៥ កញ្ញា ដោយរដ្ឋាភិបាលចក្រភពអង់គ្លេស បន្ទាប់ពីការលុកលុយភ្លាមៗចូលទៅក្នុងដែនអាកាសប៉ូឡូញ បញ្ជូនសញ្ញាច្បាស់លាស់ថា ដែនអាកាសណាតូនឹងត្រូវបានការពារ។
សេចក្តីថ្លែងការណ៍បាននិយាយថា យន្តហោះ Royal Air Force Typhoons ចំនួនពីរគ្រឿង បានហោះចេញពីមូលដ្ឋានយោធាអង់គ្លេសនៅភាគខាងកើតប្រទេសអង់គ្លេសកាលពីយប់ថ្ងៃសុក្រ ដើម្បីល្បាតលើមេឃប៉ូឡូញ និងរារាំង និងការពារប្រឆាំងនឹងការគំរាមកំហែងពីលើអាកាសពីប្រទេសរុស្ស៊ី រួមទាំងយានដ្រូនផងដែរ ដោយបន្ថែមថាយន្តហោះទាំងនោះ បានត្រឡប់ទៅចក្រភពអង់គ្លេសវិញដោយសុវត្ថិភាពនៅព្រឹកថ្ងៃសៅរ៍។
រដ្ឋាភិបាលអង់គ្លេសបាននិយាយថា នេះគឺជាការឆ្លើយតបទៅនឹង "ការបំពានដ៏សំខាន់បំផុត" នៃដែនអាកាសរបស់អង្គការណាតូ ដោយប្រធានាធិបតីរុស្ស៊ី លោក Putin រហូតមកដល់បច្ចុប្បន្ន ចាប់តាំងពីសង្រ្គាមពេញបន្ទុករបស់លោកនៅអ៊ុយក្រែន៕