កាលពីថ្ងៃអាទិត្យម្សិលមិញ កងទ័ពអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញរថក្រោះឈរជើង និងរថពាសដែកដែលពួកគេនិយាយថា អង្គភាពលេខ ៣៦ ត្រៀមខ្លួនវាយប្រហារចូលក្នុងទីក្រុងហ្កាហ្សា ។
អាជ្ញាធរសុខភាពហ្កាហ្សានិយាយថា កងកម្លាំងអ៊ីស្រាអែល បានបំផ្លាញអគារអ្នកស្រុកបន្ថែមទៀត នៅទីក្រុងហ្កាហ្សាកាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៣១នាក់ និងបង្ខំឲ្យពលរដ្ឋផ្សេងទៀត រត់ភៀសខ្លួន ខណៈពេលដែលរថក្រោះអ៊ីស្រាអែល រុលចូលកាន់តែជ្រៅទៅក្នុងទីក្រុងមួយនេះ ។
ការវាយប្រហារទីក្រុងហ្កាហ្សារបស់អ៊ីស្រាអែល បង្កឲ្យមានការស្តីបន្ទោសយ៉ាងខ្លាំងពីបរទេស បង្ខំឲ្យសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនរបស់អ៊ីស្រាអែលប្រកាសថា ពួកគេនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការមុនការជួបជុំគ្នាប្រចាំឆ្នាំរបស់ក្រុមមេដឹកនាំពិភពលោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ(UN) ក្នុងសប្តាហ៍នេះ ។
រយៈពេលជិត ២ឆ្នាំនៃសង្រ្គាម អ៊ីស្រាអែលបានចាត់ទុកទីក្រុងហ្កាហ្សាថាជាកន្លែងលាក់ខ្លួនចុងក្រោយរបស់ក្រុមហាម៉ាស ហើយយោធាពួកគេបានកម្ទេចប្លុកអគារជាច្រើន ដែលពួកគេអះអាងថា ត្រូវបានប្រើប្រាស់ដោយក្រុមជីវពលប៉ាឡេស្ទីនមួយនេះ ។
យោងតាមការអះអាងរបស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីននៅហ្កាហ្សា បានឲ្យដឹងថា ចំនួនមនុស្សស្លាប់សរុបរបស់ជនប៉ាឡេស្ទីនពីសង្រ្គាមរយៈពេល ២ឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានកើនឡើងជាង ៦៥.០០០នាក់ គិតត្រឹមថ្ងៃពុធម្សិលមិញ ។
ក្រុមមន្រ្តីប៉ាឡេស្ទីន និយាយថា តួលេខពិតប្រាកដអាចនឹងខ្ពស់ជាងនេះ ស្របពេលដែលមនុស្សជាច្រើនបានជាប់នៅក្រោមគំនរបាក់បែកនៃអគាររងការបំផ្លិចបំផ្លាញ ៕