ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) បានស្នើផ្តល់ឲ្យសមភាគីអាមេរិករបស់លោក គឺលោក ដូ Donald Trump នូវកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ដែលនឹងបន្តសន្ធិសញ្ញាចុងក្រោយ កម្រិតអាវុធនុយក្លេអ៊ែររបស់ប្រទេសទាំង២ ក្នុងរយៈពេល ១ឆ្នាំ ខណៈពេលដែលទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ពិភាក្សាអំពីអ្វីដែលនឹងកើតឡើងបន្ទាប់។
រហូតមកដល់ពេលនេះ រុស្ស៊ី និងសហរដ្ឋអាមេរិក មានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតជាងគេ ក្នុងពិភពលោក។ សន្ធិសញ្ញាដែលនៅសល់ចុងក្រោយ រវាងប្រទេសទាំង២ ដែលកំណត់ចំនួនអាវុធទាំងនេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំក្រោយ។ សន្ធិសញ្ញាឈ្មោះ New START គ្របដណ្ដប់លើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលបង្កើតឡើងដោយភាគីនីមួយៗ ដើម្បីវាយប្រហារមជ្ឈមណ្ឌលកម្លាំងយោធា សេដ្ឋកិច្ច និងនយោបាយរបស់សត្រូវ ហើយកំណត់ចំនួនក្បាលគ្រាប់ដែលដាក់ពង្រាយចំនួន ១.៥៥០គ្រាប់ពីភាគីម្ខាងៗ។
ប្រទេសទាំង២ ទំនងជាបំពានដែនកំណត់នោះ ប្រសិនបើសន្ធិសញ្ញាមិនត្រូវបានពង្រីក ឬជំនួសទេ។ លោក Putin ដែលបាននិយាយថា សំណើរបស់លោក គឺនៅក្នុងផលប្រយោជន៍នៃការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរជាសាកល និងអាចជួយជំរុញកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន អំពីការគ្រប់គ្រងអាវុធ បានស្ថិតនៅក្រោមសម្ពាធរបស់លោក Trump ឲ្យយល់ព្រមបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ជាអ្វីដែលទីក្រុងមូស្គូឲ្យដឹងថា ជាផ្នែកនៃបញ្ហាសន្តិសុខមួយចំនួន ដែលបានបង្កើនភាពតានតឹងរវាងលោកខាងកើត និងខាងលិចឲ្យដល់កម្រិតគ្រោះថ្នាក់បំផុតជាលើកដំបូង គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់។
ការស្នើផ្ដល់ជូនដែលត្រូវបានធ្វើឡើងនៅពេលអ៊ុយក្រែនកំពុងព្យាយាមបញ្ចុះបញ្ចូលលោក Trump ឲ្យដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរលើរុស្ស៊ីនោះ ត្រូវបានលោក Putin បង្ហាញជាសាធារណៈ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់លោក។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានលើកឡើងថា «រុស្ស៊ីបានត្រៀមខ្លួន ដើម្បីបន្តប្រកាន់ខ្ជាប់នូវដែនកំណត់ចំនួនដ៏សំខាន់ ក្រោមសន្ធិសញ្ញា New START សម្រាប់រយៈពេល ១ឆ្នាំ បន្ទាប់ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦»។
មិនមានការឆ្លើយតបភ្លាមៗនោះឡើយ ពីទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងការស្នើផ្ដល់ជូនរបស់លោក Putin នេះ។ ដោយនៅសល់តែជាង ៤ខែទៀតប៉ុណ្ណោះ មុនពេលកតិកាសញ្ញា New START ផុតកំណត់ ការខ្វែងគំនិតគ្នា ជុំវិញបញ្ហាអ៊ុយក្រែន មានន័យថា រុស្ស៊ី និងសហរដ្ឋអាមេរិក មិនបានចាប់ផ្តើមកិច្ចពិភាក្សា លើការបន្ត ឬផ្លាស់ប្តូរសន្ធិសញ្ញានេះទេ ទោះបីជាលោក Trump បាននិយាយអំពីបំណងរបស់លោក ក្នុងការធ្វើកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មី សូម្បីតែជាមួយប្រទេសចិនផងដែរ៕

