ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) បានសម្រេចមិនចូលរួមក្នុងបញ្ជីប្រទេសច្រើនឡើងៗ ដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ (UN) ប៉ុន្តែបានសង្កត់ធ្ងន់ថា ដំណោះស្រាយរដ្ឋ២ នៅតែជាផ្លូវដែលអាចសម្រេចបានតែ ១គត់ ដើម្បីមាននូវសន្តិភាពយូរអង្វែង ទាំងសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីនដូចគ្នា។
នៅឯទីស្នាក់ការកណ្តាលរបស់ UN ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeshi Iwaya បានប្រាប់សន្និសីទថា៖ «បញ្ហានៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមិនមែនជាបញ្ហាថា តើ នៅពេលណានោះទេ។ ខណៈពេលដែលតាមដានការអភិវឌ្ឍក្នុងតំបន់យ៉ាងយកចិត្តទុកដាក់ ជប៉ុននឹងបន្តការពិចារណាគ្រប់ជ្រុងជ្រោយរបស់ខ្លួន ដោយមានភាពប្រាកដខ្លាំងឡើងៗ»។
ការសម្រេចរបស់ប្រទេសជប៉ុន ក្នុងការមិនទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន គឺផ្ទុយគ្នានឹងប្រទេសលោកខាងលិចមួយចំនួន ក្នុងនោះរួមទាំងចក្រភពអង់គ្លេស កាណាដា និងបារាំង ហើយបានស្របជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ទីក្រុងតូក្យូ។
តែយ៉ាងក្ដី មិនដូចរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដែលបានផ្តល់ការគាំទ្រខ្លាំងដល់អ៊ីស្រាអែលក្នុងជម្លោះរបស់ប្រទេសជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន លោក Iwaya បាននិយាយថា ប្រទេសជប៉ុន «ថ្កោលទោសយ៉ាងខ្លាំង» ចំពោះសកម្មភាព «ឯកតោភាគី» របស់អ៊ីស្រាអែល ក្នុងនោះរួមទាំងការបង្កើនប្រតិបត្តិការយោធា នៅក្នុងតំបន់ហ្កាហ្សា និងការពង្រីកការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វនៅតំបន់ West Bank៕