ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយដែលបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីភូមិនានាភាគខាងជើងប្រទេសហ្វីលីពីន ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់បានស្លាប់ឥឡូវនេះកំពុងវាយលុកលើកោះតៃវ៉ាន់ ហើយកំពុងបោះពួយទៅកាន់ទីក្រុងហុងកុង និងផ្នែកភាគខាងត្បូងនៃប្រទេសចិនដីគោក ជាទីដែលប្រជាជនត្រៀមទប់ទល់អាកាសធាតុធ្ងន់ធ្ងរបន្ថែមទៀត។

អាជ្ញាធរស្រុក Hualien នៅកោះតៃវ៉ាន់ បាននិយាយថាមនុស្ស១៤នាក់ត្រូវគេបញ្ជាក់ថាបានស្លាប់ និង១២៤នាក់ផ្សេងទៀតបាត់ខ្លួននៅក្នុងស្រុក Hualien ភាគខាងកើតកាលពីរសៀលថ្ងៃអង្គារ។ នាយកដ្ឋានពន្លត់អគ្គិភ័យរបស់កោះតៃវ៉ាន់បាននិយាយថាព្យុះទីហ្វុងនេះបាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យកម្ពស់ទឹកហក់ឡើងហៀរលិចច្រាំងទន្លេរបស់ស្រុកនេះ និងហូរចូលទៅក្នុងទីប្រជុំជន Guangfu ។
ទីភ្នាក់ងារសារព័ត៌មាន Central News បានរាយការណ៍ថា មនុស្សជាច្រើននាក់ទៀតបានរងរបួសផងដែរ ហើយមនុស្សជាង ៧.០០០នាក់ ត្រូវបានជម្លៀសចេញ។
នៅទីក្រុងហុងកុង ក្រុមមន្ត្រីបានព្រមានអំពី "ការគំរាមកំហែងធ្ងន់ធ្ងរ" ពីព្យុះទីហ្វុង Ragasa ដោយប្រៀបធៀបហានិភ័យទៅនឹងព្យុះដ៏បំផ្លិចបំផ្លាញបំផុតមួយចំនួននៅក្នុងប្រវត្តិសាស្រ្តថ្មីៗរបស់ទីក្រុងនេះ។
ស្របពេលព្យុះទីហ្វុង Ragasa វាយលុកទឹកដីចិន ក្រុមមន្ត្រីក្នុងទីក្រុង Shenzhen ដែលមជ្ឈមណ្ឌលបច្ចេកវិទ្យានៅភាគខាងត្បូងរបស់ប្រទេសចិនបាននិយាយថា ខ្លួន គ្រោងជម្លៀសមនុស្សប្រមាណ៤០០.០០០នាក់ រួមទាំងពលរដ្ឋរស់នៅក្នុងតំបន់ទំនាប និងងាយរងគ្រោះដោយទឹកជំនន់។ អាកាសយានដ្ឋាន Shenzhen របស់ចិនបាននិយាយថា ខ្លួនបានផ្អាកជើងហោះហើរចាប់ពីថ្ងៃយប់ថ្ងៃអង្គារសប្ដាហ៍នេះ ៕


