ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានផ្លាស់ប្តូរវោហាសាស្ត្ររបស់លោកអំពីសង្គ្រាមនៅអ៊ុយក្រែនកាលពីថ្ងៃអង្គារ ទី២៣ ខែកញ្ញា ដោយនិយាយថាលោកជឿថាអ៊ុយក្រែនអាចទទួលបានមកវិញនូវទឹកដីទាំងអស់ដែលរុស្ស៊ីបានដណ្តើមយកចាប់តាំងពីការឈ្លានពានរបស់ប្រទេសនេះ ទោះបីជាលោកពុំបានបង្ហាញពីរបៀបដែលនឹងប៉ះពាល់ដល់គោលនយោបាយរបស់សហរដ្ឋអាមេរិកក៏ដោយ។

លោក Trump បានអត្ថាធិប្បាយដូច្នេះនៅក្នុងការបង្ហោះនៅលើវេទិកាសង្គម Truth Social របស់លោកភ្លាមៗបន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។ កាលពីពេលមុន លោកបាននិយាយថា ទាំងទីក្រុងគីវ និងក្រុងមូស្គូ នឹងត្រូវប្រគល់ដីដើម្បីបញ្ចប់សង្គ្រាម។

លោក Zelenskyy បាននិងកំពុងជំរុញឱ្យ លោក Trump បង្ហាញការគាំទ្របន្ថែមទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងគីវ រួមទាំងការដាក់ទណ្ឌកម្មថ្មីដ៏តឹងរឹងលើប្រទេសរុស្ស៊ី។ ប្រជាជនអ៊ុយក្រែនជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលលោក Trump បានក្រាលកម្រាលព្រំក្រហមស្វាគមន៍លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅក្នុងជំនួបកំពូលកាលពីពាក់កណ្តាលខែសីហាក្នុងរដ្ឋ Alaska ហើយបានជឿថាទីក្រុងមូស្គូនឹងមិនបញ្ឈប់សង្រ្គាមរបស់ខ្លួននោះទេ លុះត្រាតែប្រឈមនឹងសម្ពាធពីខាងក្រៅខ្លាំងក្លា។ នៅក្នុងការបង្ហោះ លោក Trump បានរិះគន់រុស្ស៊ីដោយនិយាយថា ប្រទេសនេះបានប្រយុទ្ធ «ដោយគ្មានគោលដៅច្បាស់លាស់» ក្នុងសង្រ្គាម ដែល«អំណាចយោធាពិតប្រាកដ» នឹងទទួលបានជ័យជម្នះក្នុងរយៈពេលមិនដល់មួយសប្តាហ៍ទេ។ ប៉ុន្តែលោកពុំបានដាក់ទណ្ឌកម្មឲ្យខ្លាំងជាងនេះទេ ហើយលោក និងជំនួយការ ទំនងជាបង្ហាញថាទីក្រុងគីវ ត្រូវតែប្រគល់ទាំងតំបន់គ្រីម៉េ និងផ្នែកនៅភាគខាងកើតអ៊ុយក្រែនទៅឱ្យរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុបក្នុងរយៈពេល៨០ឆ្នាំមកនេះ។