ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ លោក Rafael Grossi បាននិយាយកាលពីថ្ងៃអង្គារ ទី២៣ ខែកញ្ញាថា ក្រុមអធិការកិច្ចមួយក្រុមកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ក្នុងករណីដែលទីក្រុងតេអេរ៉ង់និងមហាអំណាចអឺរ៉ុបឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងសប្តាហ៍នេះ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មជាថ្មីពីអន្តរជាតិ។

មហាអំណាចអឺរ៉ុបនិងអ៊ីរ៉ង់ បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ដោយព្រមព្រៀងបន្តកិច្ចចរចាដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ដោយបញ្ចៀសនូវអ្វីដែលហៅថាការអនុវត្តវិធានការដើម។ ការចរចាទាំងនេះ ផ្តោតសំខាន់លើការទាមទាររបស់សហភាពអឺរ៉ុប ដែលឱ្យប្រទេសអ៊ីរ៉ង់ស្តារឡើងវិញដំណើរការសម្រាប់ក្រុមអធិការកិច្ចនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិចូលទៅកាន់រោងចក្រនុយក្លេអ៊ែរដ៏រសើបបំផុតរបស់ខ្លួន ដោះស្រាយក្តីបារម្ភអំពីស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច និងចូលរួមកិច្ចចរចាជាមួយសហរដ្ឋអាមេរិក។

ដោយមានការដាក់ទណ្ឌកម្មឡើងវិញត្រូវបានកំណត់កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅនេះ ពេលវេលាក៏អស់ ប៉ុន្តែ លោក Grossi បាននិយាយថានៅតែមានការសន្ទនារវាងលោក ប្រទេសអ៊ីរ៉ង់ មហាអំណាចអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីស្វះស្វែងរកដំណោះស្រាយ។ ជាមួយគ្នានេះ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានច្រានចោលការចរចាជាមួយសហរដ្ឋអាមេរិកជុំវិញការងារនុយក្លេអ៊ែររបស់ខ្លួនក្នុងអំឡុងពេលសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃអង្គារ ទី២៣ ខែកញ្ញា និងបាននិយាយថា «ការចរចាជាមួយសហរដ្ឋអាមេរិក នឹងមិនបម្រើផលប្រយោជន៍របស់ទីក្រុងតេអេរ៉ង់ទេ ហើយនឹងបង្ហាញឱ្យឃើញពីភាពគ្មានច្រកចេញ»។ នៅក្នុងសារដែលបានថតទុក លោក Khamenei បាននិយាយថា អ៊ីរ៉ង់នឹងមិន «ចុះចាញ់នឹងសម្ពាធ»ទេ ទាក់ទងនឹងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ហើយលោកបានរំលឹកឡើងវិញនូវជំហរផ្លូវការយូរអង្វែងរបស់ទីក្រុងតេអេរ៉ង់ថា ខ្លួនមិនត្រូវការអាវុធនុយក្លេអ៊ែរ ហើយក៏គ្មានបំណងផលិតវាដែរ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់មិនអាចត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរឡើយ។