ប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថា បណ្ដាប្រទេសជាសមាជិកសម្ព័ន្ធយោធាណាតូគួរតែបាញ់ទម្លាក់យន្តហោះរុស្ស៊ី ប្រសិនបើយន្តហោះទាំងនោះចូលក្នុងដែនអាកាសរបស់ខ្លួន។

ការអត្ថាធិប្បាយនេះបានកើតឡើងខណៈលោក Trump បានជួបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
ដោយសង្កត់ធ្ងន់លើថាតើអាមេរិក នឹងគាំទ្រសម្ព័ន្ធមិត្តណាតូក្នុងស្ថានភាពបែបនេះឬអត់នោះ លោក Trump បាននិយាយថា វាអាស្រ័យលើកាលៈទេសៈ។
ប្រទេសប៉ូឡូញ និងរូម៉ានី បានរាយការណ៍ពីការរំលោភដែនអាកាសរបស់ពួកគេកាលពីដើមខែនេះ ដោយយន្តហោះរុស្ស៊ី ដែលជំរុញឱ្យសម្ព័ន្ធភាពណាតូ វាយលុកដោយយន្តហោះចម្បាំងជាការឆ្លើយតប។ប្រទេសអេស្តូនី កាលពីថ្ងៃសុក្រសប្ដាហ៍មុន បាននិយាយថា យន្តហោះរុស្ស៊ីបីគ្រឿងបានចូលដែនអាកាសរបស់ខ្លួន ដែលរុស្ស៊ីបានបដិសេធ។
អគ្គលេខាធិការសម្ព័ន្ធណាតូ លោក Mark Rutte កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ បានបញ្ជាក់ជាថ្មីនូវការតាំងចិត្តរបស់ក្រុមនេះក្នុងការការពារអធិបតេយ្យរបស់សម្ព័ន្ធមិត្តនេះ ដោយនិយាយថាយន្តហោះរុស្ស៊ី ដែលបំពានដែនអាកាសរបស់ប្លុកនេះ នឹងត្រូវបានបាញ់ទម្លាក់៕

