ក្រុមមន្ត្រីប៉ាឡេស្ទីន និងអ្នកជំនាញបានសង្កត់ធ្ងន់កាលពីថ្ងៃអង្គារ (២៣ កញ្ញា) ថា ការកសាងឡើងវិញ និងអភិបាលកិច្ចក្រោយសង្គ្រាមនៃតំបន់ហ្កាហ្សាស្ទ្រីប ត្រូវតែដឹកនាំដោយជនជាតិប៉ាឡេស្ទីន ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការដាក់ទណ្ឌកម្មកាន់តែខ្លាំងប្រឆាំងនឹងអ៊ីស្រាអែល។

ខណៈដែលកំហឹងអន្តរជាតិបន្តកើនឡើងលើអ៊ីស្រាអែលដោយសារវិបត្តិនៅហ្កាហ្សា ប្រទេសអឺរ៉ុបចំនួន ៥បន្ថែមទៀត បានប្រកាសជាផ្លូវការនូវការទទួលស្គាល់ភាពរដ្ឋប៉ាឡេស្ទីន កាលពីថ្ងៃចន្ទ ក្នុងសម័យប្រជុំកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើកទី៨០។ មកដល់ពេលនេះ ក្នុងចំណោមរដ្ឋសមាជិក ១៩៣ របស់អង្គការសហប្រជាជាតិ មានរហូតដល់ ១៥៧រដ្ឋ បានទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីនហើយ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍កណ្តាលចិន (CCTV) មន្រ្តីប៉ាឡេស្ទីនមួយរូបឈ្មោះ Wasel Abu Yusuf បានសាទរចំពោះការទទួលស្គាល់យ៉ាងទូលំទូលាយនៃរដ្ឋប៉ាឡេស្ទីននេះ ពីសហគមន៍អន្តរជាតិ និងបានសង្កត់ធ្ងន់ថា អនាគតនៃតំបន់ហ្កាហ្សាស្ទ្រីប គួរតែត្រូវបានដឹកនាំដោយប៉ាឡេស្ទីនផ្ទាល់។
អ្នកជំនាញប៉ាឡេស្ទីនមួយចំនួនទៀតក៏បាននិយាយថា ការទទួលស្គាល់នេះ ទោះបីជាមានការយឺតយ៉ាវក៏ដោយ ប៉ុន្តែគឺជាភាពចាំបាច់ ហើយត្រូវតែប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង ដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលរយៈពេលវែង និងទទួលបានសន្តិភាព៕

