រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បាននិយាយនៅថ្ងៃពុធ (ទី២៤ ខែកញ្ញា) នេះថា អឺរ៉ុបត្រូវតែ «មានភាពចាស់ទុំឡើងបន្ថែមទៀត» និងបង្កើនការគាំទ្ររបស់ខ្លួន ចំពោះប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលគាំទ្រទីក្រុងគីវដណ្តើមយកដែនដីរបស់ខ្លួនទាំងអស់ពីរុស្ស៊ីមកវិញ។
អំឡុងពេលថ្លែងទៅកាន់វិទ្យុ Deutschlandfunk របស់អាល្លឺម៉ង់ លោក Wadephul បាននិយាយថា លោក Trump បានដឹងថា កិច្ចប្រឹងប្រែងផ្ទាល់ខ្លួនរបស់លោកបានបរាជ័យ ដោយមិនអាចបញ្ចុះបញ្ចូលមេដឹកនាំរុស្ស៊ី លោក Vladimir Putin ឲ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនបានឡើយ។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Trump នៅលើបណ្ដាញសង្គម Truth Social បានក្លាយជាការផ្លាស់ប្តូរវោហាសាស្ត្រភ្លាមៗ និងដ៏ធំ សម្រាប់មេដឹកនាំអាមេរិក ដែលពីមុនបានជំរុញឲ្យអ៊ុយក្រែនបោះបង់ដែនដី ដើម្បីបញ្ចប់សង្រ្គាម ហើយទើបតែបានក្រាលកម្រាលព្រំក្រហមស្វាគមន៍លោក Putin នៅរដ្ឋ Alaska កាលពីខែមុន។

ប៉ុន្តែយ៉ាងណាក្ដី ភ្លាមៗ គេមិនទាន់ច្បាស់ទេថា តើលោក Trump នឹងប្រែក្លាយពាក្យសម្ដីរបស់លោក ឲ្យទៅជាគោលនយោបាយរបស់សហរដ្ឋអាមេរិកដែរ ឬយ៉ាងណា ដោយវាគឺជាភាពមិនច្បាស់លាស់ដែលអាចបន្តទម្លាក់ការទទួលខុសត្រូវលើអឺរ៉ុប ក្នុងការបំពេញតម្រូវការរបស់អ៊ុយក្រែនបន្ថែមទៀត តាមរយៈការផ្ដល់អាវុធ និងហិរញ្ញវត្ថុ នៅពេលដែលតួនាទីរបស់ទីក្រុងវ៉ាស៊ីនតោនថមថយទៅៗ។
លោក Wadephul បានបញ្ជាក់ថា អឺរ៉ុបបានលើកឡើងម្តងហើយម្តងទៀតថា «យើងពិតជាត្រូវតែមានភាពចាស់ទុំឡើង ពោលគឺត្រូវចាត់វិធានការបន្ថែមទៀត ហើយយើងត្រូវតែមានអធិបតេយ្យបន្ថែមទៀត។ នោះហើយជាមូលហេតុដែលយើងត្រូវពិនិត្យមើលនូវអ្វីដែលខ្លួនយើងអាចធ្វើបាន។ យើងអាចសម្រេចបានច្រើនជាងនេះ មិនមែនរដ្ឋអឺរ៉ុបទាំងអស់ សុទ្ធតែបានផ្តល់នូវអ្វីដែលពួកគេបានសន្យាជាមួយអ៊ុយក្រែននោះទេ។ យើងត្រូវពិនិត្យមើលនូវអ្វីដែលជម្រើសហិរញ្ញវត្ថុ និងយោធាផ្សេងទៀតដែលយើងមាន»៕
