ភ្នំពេញ៖ ក្មេងស្ទាវមួយក្រុមមានគ្នាចំនួន១០នាក់ ជិះម៉ូតូចំនួន៤គ្រឿង ប្រដាប់ដោយកាំបិតដាវបានធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចការ៉ាស់សាំងតេលា ផ្លូវវេងស្រេង កែងផ្លូវ៣៧១ (ផ្លូវសឡា) កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញកំណត់បានមុខសញ្ញាជាបណ្តើរ និងឃាត់ខ្លួនជនសង្ស័យម្នាក់ហើយ គឺឈ្មោះ អ៊ិន ឆាយហួត ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចផ្ទះលេខ៩៣ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ជនសង្ស័យ អ៊ិន ឆាយហួត បានសារភាពថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តស្រាវជ្រាវដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕