អតីតប្រធានាធិបតីរបស់ប្រទេសម៉ាឡាវី លោក Peter Mutharika បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងខែនេះ ខណៈអ្នកបោះឆ្នោតបានច្រានចោលលោក Lazarus Chakwera ដែលកាន់តំណែងបច្ចុប្បន្ន បន្ទាប់ពីរយៈពេលប្រាំឆ្នាំនៃវិបត្តិសេដ្ឋកិច្ចកាន់តែធ្លាក់ជ្រៅនៅក្នុងប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតរបស់ពិភពលោក។

គណៈកម្មការរៀបចំការបោះឆ្នោតបាននិយាយកាលពីថ្ងៃពុធថា លោក Mutharika ទទួលបានសំឡេងគាំទ្រ៥៦ភាគរយ ដែលគ្រប់គ្រាន់ដើម្បីទទួលជ័យជម្នះក្នុងការបោះឆ្នោតជុំទីមួយ បើប្រៀបធៀបទៅនឹងលោកChakwera ទទួលបានត្រឹមតែ៣៣ភាគរយ ។ លោក Chakwera បានទទួលស្គាល់ការបរាជ័យ និងបាននិយាយថា លោកប្តេជ្ញាចិត្តក្នុងការផ្ទេរអំណាចដោយសន្តិវិធី។

ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត លោកស្រី Annabel Mtalimanja បាននិយាយក្នុងសន្និសីទដែលលោកស្រីប្រកាសអ្នកឈ្នះ លោក Mutharika ថា «អ្នកត្រូវបានបោះឆ្នោតឲ្យដោយប្រជាជនម៉ាឡាវី ដើម្បីដឹកនាំពួកគេទៅរកអនាគតដ៏ប្រសើរ»។ ការបោះឆ្នោតកាលពីថ្ងៃទី ១៦ ខែកញ្ញា គឺជាការប្រកួតប្រជែងលើកទី៤ រវាងលោក Mutharika អាយុ៨៥ឆ្នាំ និងលោក Chakwera អាយុ៧០ឆ្នាំ។