នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez កាលពីថ្ងៃពុធ (ទី២៤ ខែកញ្ញា) បាននិយាយថា លោកនឹងចូលរួមជាមួយប្រទេសអ៊ីតាលី ក្នុងការបញ្ជូននាវាចម្បាំងយោធាទៅការពារកងនាវាជំនួយអន្តរជាតិ ដែលស្វែងរកការផ្តល់ជំនួយទៅកាន់តំបន់ហ្កាហ្សា បន្ទាប់ពីទូកនៃក្រុមនេះត្រូវបានវាយប្រហារដោយយានដ្រូន នៅម្ដុំដែនទឹកប្រទេសក្រិក។
អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាកន្លែងដែលលោកបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លោក Sanchez បានប្រាប់ថា ពលរដ្ឋនៃប្រទេសចំនួន ៤៥ បានជិះនៅលើនោះ ដើម្បីផ្តល់អាហារដល់ប្រជាជននៅតំបន់ហ្កាហ្សា និងបង្ហាញពីសាមគ្គីភាពជាមួយនឹងការឈឺចាប់របស់ប្រជាជនទាំងនោះ។

លោកបាននិយាយថា៖ «រដ្ឋាភិបាលនៃប្រទេសអេស្ប៉ាញ ទទូចថា ច្បាប់អន្តរជាតិត្រូវតែបានគោរព ហើយសិទ្ធិរបស់ពលរដ្ឋរបស់យើង គួរតែត្រូវបានគោរព ពេលធ្វើនាវាចរណ៍ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ក្នុងលក្ខខណ្ឌសុវត្ថិភាព»។ នាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះ បានបន្ថែមថា៖ «ថ្ងៃស្អែក យើងនឹងបញ្ជូននាវាកងទ័ពជើងទឹកពី Cartagena ដោយមានធនធានចាំបាច់ទាំងអស់ ក្នុងករណីដែលវាចាំបាច់ ដើម្បីជួយដល់កងនាវាផ្ដល់ជំនួយ និងអនុវត្តប្រតិបត្តិការជួយសង្គ្រោះ»
គួរបញ្ជាក់ថា ក្រុមផ្ដល់ជំនួយតាមនាវា Global Sumud Flotilla កំពុងប្រើប្រាស់ទូកជនស៊ីវិលប្រហែល ៥០គ្រឿង ដើម្បីព្យាយាមទម្លាយការរារាំងកងទ័ពជើងទឹករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ដោយមានមេធាវី និងសកម្មជនជាច្រើននាក់ជិះនៅលើនោះ ក្នុងនោះរួមមានទាំងអ្នកធ្វើយុទ្ធនាការអាកាសធាតុស៊ុយអែត នាង Greta Thunberg ផងដែរ។
ទូកខ្លះរបស់ក្រុមនេះត្រូវបានវាយប្រហារដោយយានដ្រូនចំនួន ១២គ្រឿង នៅក្នុងដែនទឹកអន្តរជាតិចម្ងាយ ៣០ម៉ាយល៍ណត់ (៥៦គីឡូម៉ែត្រ) ពីកោះ Gavdos របស់ក្រិក។ នេះបើយោងតាមលោកស្រី Marikaiti Stasinou អ្នកនាំពាក្យរបស់សមាគម March to Gaza Greece ដែលជាផ្នែកមួយនៃក្រុមនាវាផ្ដល់ជំនួយនេះ៕

