នគរបាលអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួន ពីបទគំរាមធ្វើឃាតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។
នគរបាលបានបញ្ជាក់ថា បន្តិចមុនថ្ងៃឈប់សម្រាកចូលឆ្នាំជនជាតិជ្វីហ្វ ដែលចាប់ផ្តើមនៅល្ងាចថ្ងៃទី២២ ខែកញ្ញា បុរសម្នាក់ក្នុងវ័យចន្លោះ ៤០ឆ្នាំ មកពីទីក្រុង Kiryat Gat ភាគខាងត្បូង បានដើរចូលទៅក្នុងប៉ុស្តិ៍នគរបាល ក្នុងតំបន់ ដោយនិយាយថា រូបគេនឹងសម្លាប់លោក Netanyahu។
នគរបាលបានឲ្យដឹងថា៖ «ជនសង្ស័យបានប្រាប់មន្ត្រីថា រូបគេមានគម្រោងទិញអាវុធបាញ់លោកនាយករដ្ឋមន្ត្រី ៣ដងហើយ»។
បុរសរូបនោះត្រូវបានចាប់ខ្លួន ហើយការចោទប្រកាន់ផ្លូវការលើរូបគេ ត្រូវបានរំពឹងថា នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញានេះ។ នគរបាលចង់បន្តឃុំខ្លួនរូបគេ រហូតដល់បញ្ចប់នីតិវិធីច្បាប់។
គួរជ្រាបថា ការស្ទង់មតិបង្ហាញថា លោក Netanyahu កំពុងបាត់បង់ការគាំទ្រពីសាធារណៈជន ដោយសារសង្គ្រាមជិត ២ឆ្នាំ នៅតំបន់ហ្កាហ្សា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបាននាំឲ្យមានការភ័យខ្លាចថា អ៊ីស្រាអែលកាន់តែឯកោ ក្នុងឆាកអន្តរជាតិ។
មានចំណាប់ថ្នូរ ៤៨នាក់ ដែល ២០នាក់ត្រូវបានគេជឿថា នៅមានជីវិត ត្រូវបានឃុំឃាំង នៅហ្កាហ្សា ហើយគ្រួសាររបស់ពួកគេ បានជំរុញឲ្យរដ្ឋាភិបាលអ៊ីស្រាអែលធ្វើកិច្ចព្រមព្រៀង ដែលនឹងនាំឲ្យអ្នកទាំងនោះអាចវិលត្រលប់ទៅផ្ទះសម្បែងវិញ៕