ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (២៥ កញ្ញា) បានកំណត់គោលដៅយ៉ាងទូលំទូលាយលើទំនិញនាំចូល នៅក្នុងការប្រកាសដំឡើងពន្ធជុំថ្មីមួយទៀត ដោយនិយាយថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ១០០% លើឱសថមានម៉ាកយីហោនាំចូល និងយកពន្ធ ២៥% លើរថយន្តដឹកទំនិញធុនធ្ងន់ ព្រមទាំងពន្ធ ៥០% លើសម្ភារៈតុទូផ្ទះបាយមួយចំនួន។ លោក Trump លើកឡើងពីកង្វល់សន្តិសុខជាតិសម្រាប់ការដំឡើងពន្ធជុំថ្មីនេះ។

ប្រធានាធិបតីអាមេរិករូបនេះបានបើកការស៊ើបអង្កេតសន្តិសុខជាតិជាច្រើនករណីទៅលើពន្ធគយថ្មី ដែលអាចកើតមានលើផលិតផលជាច្រើនមុខក្នុងអំឡុងអាណត្តិទីពីររបស់លោក ដោយជះស្រមោលលើចក្ខុវិស័យសេដ្ឋកិច្ចពិភពលោកជាថ្មី និងធ្វើឱ្យអាជីវកម្មសកលពិបាកសម្រេចចិត្តលើជំហានបន្ទាប់។

លោក Trump ក៏និយាយផងដែរថា លោកនឹងចាប់ផ្តើមគិតពន្ធ ៥០% លើសម្ភារៈបន្ទប់ទឹក និងពន្ធ ៣០% លើគ្រឿងសង្ហារិម នៅសប្តាហ៍ក្រោយនេះ ចំណែកពន្ធកាតព្វកិច្ចថ្មីទាំងអស់ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែតុលា តទៅ។ លោក Trump និយាយទៀតថា ពន្ធថ្មី ១០០% លើផលិតផលឱសថដែលមានម៉ាកយីហោ ឬប៉ាតង់ណាមួយ នឹងអនុវត្តចំពោះការនាំចូលទាំងអស់ លុះត្រាតែក្រុមហ៊ុនទាំងនោះចាត់វិធានការរួចរាល់ក្នុងការសាងសង់រោងចក្រផលិតលើទឹកដីអាមេរិក។

លោកបន្តថា ពន្ធលើរថយន្តដឹកទំនិញធុនធ្ងន់ថ្មីនោះគឺដើម្បីការពារអ្នកផលិតពីការប្រកួតប្រជែងខាងក្រៅដោយអយុត្តិធម៌។ ទាក់ទងនឹងពន្ធលើសម្ភារៈផ្ទះបាយ បន្ទប់ទឹក និងគ្រឿងសង្ហារិមមួយចំនួនវិញ លោក Trump បាននិយាយថា គឺដោយសារតែកម្រិតនៃការនាំចូលដ៏លើសលប់ពេក ធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតក្នុងស្រុក។ សភាពាណិជ្ជកម្មអាមេរិក បានប្រឆាំងនឹងការយកពន្ធលើរថយន្តដឹកទំនិញធុនធ្ងន់ ដោយនិយាយថា ប្រភពនាំចូលចម្បងគឺមកពីសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ ទន្ទឹមនឹងនេះ ម៉ិកស៊ិក និងជប៉ុន ក៏ជំទាល់នឹងពន្ធលើរថយន្តដឹកទំនិញផងដែរ៕