ពលករខ្មែររាប់រយនាក់បន្តវិញត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញជារៀងរាល់ថ្ងៃដើម្បីស្វែងរកឱកាសការងារ និងរស់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
លោក ស៊ុន មេសា បានឱ្យដឹងថា ជារៀងរាល់ថ្ងៃមានបងប្អូនពលករខ្មែរដែលត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញជាមធ្យមចន្លោះពី ១០០ ទៅ២០០នាក់ ដើម្បីមករកការងារធ្វើ និងមករស់នៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា៖ “មកទល់ពេលនេះ យើងឃើញថានៅតែមានការវិលត្រឡប់វិញនៃពលករខ្មែរពីប្រទេសថៃ ដើម្បីចូលមករកការងារធ្វើនៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងកាលពីឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅ ក៏ឃើញមានបងប្អូនពលករត្រឡប់មកវិញជាមធ្យមចន្លោះពី ១០០ ទៅ២០០នាក់ដែរ ជារៀងរាល់ថ្ងៃ ហើយបើតាមការសាកសួររបស់មន្ត្រីនៅតាមព្រំដែន ការត្រឡប់មកវិញរបស់បងប្អូនពលករខ្មែរគឺដើម្បីស្វែករកឱកាសការងារធ្វើនៅក្នុងស្រុក និងដើម្បីរស់នៅអចិន្ត្រៃយ៍ផងដែរ”។
អ្នកនាំពាក្យរូបនេះ បន្ថែមថា ជាមួយការវិលត្រឡប់មកវិញរបស់បងប្អូនពលករខ្មែរមន្ត្រីក្រសួងការងារដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន នៅតែបន្តរង់ចាំទទួលបងប្អូនពលករខ្មែរជានិច្ចនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ។
លោក ស៊ុន មេសា លើកឡើងថា៖ “ស្របជាមួយការបន្តវិលត្រឡប់មកស្រុកកំណើតវិញពីសំណាក់បងប្អូនពលករខ្មែរពីប្រទេសថៃ មន្ត្រីក្រសួងការងាររួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏ដូចជាមន្ទីរការងារខេត្ត ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាននៅតែបន្តរង់ចាំទទួលបងប្អូនពលករដែលត្រឡប់មកវិញនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដដែល ជាមួយនឹងការណែនាំស្តីពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ប.ស.ស.”។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះមានបងប្អូនពលករខ្មែរប្រមាណជាង ៩៤ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ជាមួយនឹងការត្រឡប់មកវិញនេះ អ្នកនាំពាក្យក្រសួងការងារសូមអំពាវនាវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃ ដែលមិនទាន់មានការងារធ្វើ សូមទាក់ទងមកកាន់លេខ១២៩៧ ដែលមន្ត្រីក្រសួងការងាររង់ចាំទទួលទូរសព្ទបងប្អូនគ្រប់គ្នា ដើម្បីផ្តល់នូវឱកាសការងារដ៏សម្បូរបែប ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនផងដែរ៕