បើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងថា ប្រទេសស្លូវេនី កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកញ្ញា) បានដាក់បម្រាមធ្វើដំណើរ ចំពោះនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បន្ទាប់ពីឆ្នាំមុនខ្លួនបានទទួលស្គាល់ប៉ាឡេស្ទីនជាផ្លូវការ ហើយកាលពីខែកក្កដា បានហាមឃាត់រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយមជ្រុល ២រូប។
តាមគណនីបណ្ដាញសង្គម X របស់រដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Neva Grasic បានឲ្យដឹងថា៖ «ជាមួយនឹងវិធានការនេះ ស្លូវេនីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះច្បាប់អន្តរជាតិ តម្លៃជាសកលនៃសិទ្ធិមនុស្ស និងគោលនយោបាយការបរទេសប្រកបដោយគោលការណ៍ និងភាពជាប់លាប់»។

លោកស្រី Grasic បាននិយាយថា រដ្ឋាភិបាលបានចាត់វិធានការប្រឆាំងនឹងលោក Netanyahu ដោយសារតែលោកត្រូវបានចោទប្រកាន់ដោយតុលាការយុត្តិធម៌អន្តរជាតិ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅតំបន់ហ្កាហ្សា។ លោកស្រីបានបន្តថា៖ «សាធារណជនបានដឹងហើយថា នីតិវិធីនានាកំពុងដំណើការ ប្រឆាំងនឹងរូបលោក ពាក់ព័ន្ធនឹងការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
លោកស្រីបានបញ្ជាក់បន្ថែមថា៖ «ជាមួយនឹងការសម្រេចចិត្តនេះ រដ្ឋាភិបាលកំពុងផ្ញើសារយ៉ាងច្បាស់ទៅកាន់រដ្ឋអ៊ីស្រាអែលថា ស្លូវេនីរំពឹងមានការគោរពតាមការសម្រេចរបស់តុលាការអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ»។
ស្លូវេនី ដែលជាប្រទេសសមាជិកសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មអាវុធ លើអ៊ីស្រាអែល កាលពីខែសីហា និងបានដាក់ចេញការហាមឃាត់ការនាំចូលទំនិញ ដែលផលិតនៅក្នុងដែនដីប៉ាឡេស្ទីនកាន់កាប់ដោយអ៊ីស្រាអែល៕
