នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មានការប្រុងប្រយ័ត្នទុកជាមុនជាមួយនឹងការបំលាស់ទីទៅកាន់មណ្ឌលជម្លៀសខ្លួន ស្របពេលដែលព្យុះត្រូពិក Bualoi បោកបក់ជិតមកដល់ ។
លោក JC Borromeo គឺជាអ្នកស្រុកវ័យ ៣៣ឆ្នាំ បាននិយាយ ខណៈពេលលោកស្វែងរកទីជម្រកនៅមណ្ឌលជម្លៀសខ្លួនថា ពួកយើងរស់នៅជិតទន្លេ ហើយពួកយើងជួបការលំបាកពេលដែលកម្រិតទឹកឡើង ។
លោកបន្តថា ពេលដែលទឹកទន្លេជន់ ទឹកបានឡើងដល់ជាន់ទី ៣ ផ្ទះរបស់ពួកយើង ហើយពួកយើងមិនអាចចាកចេញទៅណាបានឡើយ ។ លោកមានកូន ៣នាក់ ហើយលោកមិនចង់ឲ្យមានរឿងអ្វីកើតឡើងចំពោះកូនៗរបស់លោកនោះទេ ។

មន្ទីរឧតុនិយមហ្វីលីពីន រាយការណ៍ថា បច្ចុប្បន្នព្យុះ Bualoi កំពុងបោកបក់ក្នុងល្បឿន ១១០គ.មក្នុង ១ម៉ោង និងមានសន្ទុះខ្យល់បក់រហូតដល់ ១៥០គ.មក្នុង ១ម៉ោង ដោយធ្វើដំណើរទៅទិសខាងលិច និងទិសពាយ័ព្យក្នុងល្បឿន ៣០គ.មក្នុង ១ម៉ោង ។
ពួកគេបន្តថា ទីក្រុងរណបម៉ានីល និងតំបន់ក្បែរៗ អាចនឹងជួបភ្លៀងធ្លាក់ខ្លាំង អាចនឹងបណ្តាលឲ្យកើតមានទឹកជំនន់ដ៏គំហុក ឬបំណាក់ដី ជាពិសេសនៅតាមតំបន់ងាយរងគ្រោះនៅតាមមាត់ទន្លេ និងតំបន់ឆ្នេរ ។
លោក Bernardo Alejandro គឺជាមន្ត្រីការពារស៊ីវិល បាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សប្រហែល ៤០ម៉ឺននាក់ ត្រូវបានជម្លៀសចេញ។
សូមបញ្ជាក់ថា ប្រទេសហ្វីលីពីនរងការវាយប្រហារដោយព្យុះ និងព្យុះទីហ្វុងជាមធ្យមចំនួន ២០លើកក្នុងមួយឆ្នាំ ដែលធ្វើអោយមនុស្សរាប់លាននាក់ នៅតំបន់ងាយរងគ្រោះដោយគ្រោះមហន្តរាយ នៅតែស្ថិតក្នុងស្ថានភាពក្រីក្រជាប់ជានិច្ច។
មនុស្សរាប់ម៉ឺននាក់ក៏នៅតែស្ថិតក្នុងការជម្លៀសខ្លួនផងដែរ បន្ទាប់ពីព្យុះទីហ្វុង Ragasa ដែលបានបក់បោកឆ្លងកាត់ចុងភាគខាងជើងរបស់ប្រទេសនេះ ហើយបានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៩នាក់ស្លាប់កាលពីដើមសប្តាហ៍នេះ ៕
