នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅថ្ងៃសុក្រ (ទី២៦ ខែកញ្ញា) នេះ បានប្រាប់ឲ្យដឹងថា ហុងគ្រីនឹងបន្តនាំចូលប្រភពឥន្ធនៈហ្វូស៊ីលពីរុស្ស៊ី បើទោះបីជាមានការទាមទារពីសម្ព័ន្ធមិត្តរបស់លោក គឺលោក Donald Trump ក៏ដោយ ហើយថា លោកបានជូនដំណឹងនេះដល់ប្រធានាធិបតីអាមេរិក ដែលថា ការបញ្ឈប់ការនាំចូលថាមពលរុស្ស៊ី នឹងក្លាយជា «មហន្តរាយ» ចំពោះសេដ្ឋកិច្ចរបស់ប្រទេសហុងគ្រី។
ហុងគ្រីនៅតែជាប្រទេសតែមួយគត់ ក្នុងទ្វីបអឺរ៉ុប ដែលបន្តទិញប្រេង និងឧស្ម័នធម្មជាតិពីរុស្សី បន្ទាប់ពីមានការលុកលុយទ្រង់ទ្រាយរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្តែលោក Trump ជាអ្នកគាំទ្រមេដឹកនាំហុងគ្រីដែលកាន់អំណាចយូរអង្វែងមកហើយនោះ កាលពីដើមខែនេះ បានអំពាវនាវឲ្យបណ្ដាប្រទេសសមាជិកទាំងអស់របស់អង្គការណាតូ ក្នុងនោះរួមទាំងហុងគ្រីផងដែរ បញ្ឈប់ការទិញប្រេងពីរុស្ស៊ី ព្រោះលោកជឿថា សង្គ្រាមរុស្ស៊ីនឹងបញ្ចប់ ប្រសិនបើប្រទេសទាំងនោះធ្វើបែបនេះ។

តែយ៉ាងក្ដី នៅក្នុងការអត្ថាធិប្បាយទៅកាន់វិទ្យុរដ្ឋ នាថ្ងៃសុក្រនេះ លោក Orban បាននិយាយថា ថ្មីៗនេះលោកបានប្រាប់លោក Trump ថា ការបញ្ឈប់ការនាំចូលថាមពលរបស់រុស្ស៊ី នឹងក្លាយជា «គ្រោះមហន្តរាយ» សេដ្ឋកិច្ច សម្រាប់ប្រទេសហុងគ្រី។
លោក Orban បានបញ្ជាក់ថា៖ «ខ្ញុំបានប្រាប់លោកប្រធានាធិបតីអាមេរិកថា ប្រសិនបើហុងគ្រី ត្រូវបានកាត់ផ្តាច់ពីប្រេង និងឧស្ម័នធម្មជាតិរបស់រុស្ស៊ី ភ្លាមៗ ក្នុងរយៈពេលមួយនាទី ដំណើរការសេដ្ឋកិច្ចហុងគ្រីនឹងធ្លាក់ចុះ ៤ភាគរយ។ នេះមានន័យថា សេដ្ឋកិច្ចហុងគ្រី នឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាមិនខាន»៕
