ទីភ្នាក់ងារសារព័ត៌មាន IRNA នៅថ្ងៃសុក្រ (ទី២៦ ខែកញ្ញា) បានរាយការណ៍ថា អ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ២៥ពាន់លានដុល្លារជាមួយសាជីវកម្មនុយក្លេអ៊ែររដ្ឋរបស់រុស្ស៊ី គឺ Rosatom ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៤ នៅក្នុងប្រទេសអ៊ីរ៉ង់។
ក្រុមហ៊ុន Rosatom បានឲ្យដឹងនៅមុននេះថា ខ្លួនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីថ្ងៃពុធ ស្តីពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូច នៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែមិនបានផ្តល់ចំនួនច្បាស់លាស់ឡើយ។

ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍ថា កិច្ចព្រមព្រៀង ដើម្បីសាងសង់រោងចក្រជំនាន់ទី៣ (Generation III) នៅលើផ្ទៃដី ៥០០ហិចតា នៅក្នុងតំបន់ Sirik នៃខេត្ត Hormozgan ភាគអាគ្នេយ៍ នឹងផលិតអគ្គិសនីបានចំនួន ៥.០០០មេហ្គាវ៉ាត់។ MOU ត្រូវបានចុះហត្ថលេខានៅទីក្រុងមូស្គូ។
សូមបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ ដែលបានជួបនឹងការខ្វះខាតអគ្គិសនី នៅពេលមានតម្រូវការខ្ពស់នោះ បច្ចុប្បន្នមានរោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់ ដែលកំពុងដំណើរការនៅក្នុងទីក្រុង Bushehr ភាគខាងត្បូង។ វាត្រូវបានសាងសង់ដោយរុស្ស៊ីផងដែរ ហើយមានសមត្ថភាពផលិតបានប្រហែល ១ជីហ្កាវ៉ាត់ (GW)។
គួរជ្រាបទៀតថា រុស្ស៊ីមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ហើយខ្លួនបានថ្កោលទោសការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីខែមិថុនា។ អ៊ីស្រាអែល បានផ្ដល់ហេតុផលដោយមានភស្តុតាងថា អ៊ីរ៉ង់ជិតឈានដល់ការផលិតបានអាវុធនុយក្លេអ៊ែរហើយ។ តែអ៊ីរ៉ង់លើកឡើងដដែលៗថា ខ្លួនមិនមានចេតនាធ្វើបែបនេះនោះទេ៕
