អាមេរិក៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកព្រួយបារម្ភថា ការបាញ់សាកល្បងមីស៊ីលកាន់តែច្រើនរបស់កូរ៉េខាងជើង អាចត្រឡប់ទៅរកការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបបាលីស្ទីកឡើងវិញ ខណៈកំពុងជំរុញក្រុងព្យុងយ៉ាងឲ្យចូលរួមចរចាដោយផ្ទាល់ដោយគ្មានបុរេលក្ខខ័ណ្ឌ។

កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧ កាលពីថ្ងៃអាទិត្យ ដែលធ្វើឲ្យមានការសហសង្ស័យថា មីស៊ីលដែលកំពុងហោះឡើងយ៉ាងខ្ពស់ទៅលើអាកាសគឺជាមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បាននិយាយថា ការសាកល្បងមីស៊ីលដ៏ច្រើនបំផុតនាពេលថ្មីៗនេះ បានធ្វើឲ្យគេនឹកឃើញដល់ភាពតានតឹងយ៉ាងខ្លាំងកាលពីឆ្នាំ២០១៧ នៅពេលដែលកូរ៉េខាជើងបានសាកល្បងនុយក្លេអ៊ែរជាច្រើនលើក និងបានបាញ់មីស៊ីលដ៏ធំបំផុតរបស់ខ្លួន។ លោកថា ការបាញ់ចុងក្រោយនេះបានធ្វើឲ្យកូរ៉េខាងជើងខិតទៅកាន់តែជិត ទៅរកការបាញ់សាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីបរយៈចំងាយឆ្ងាយបំផុតរបស់ខ្លួន ICBMs ដែលបានផ្អាកចាប់តាំងពីឆ្នាំ២០១៧ មក។
ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Joe Biden ក្រុង Washington បានស្វែងរកការចរចាម្ដងហើយម្ដងទៀតជាមួយកូរ៉េខាងជើង ប៉ុន្តែប្រទេសនេះបានច្រានចោល។ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានជួបចរចាចំនួន ៣លើកជាមួយអតីតប្រធានាធិបតី មុនលោក Biden គឺលោក Donald Trump យ៉ាងណាជំនួបទាំងនោះមិនបានឈានដល់ការទាមទាររបស់លោក Kim សម្រាប់ការដកទណ្ឌកម្មចេញពីក្រុងព្យុងយ៉ាងនោះទេ៕
អត្ថបទ៖ សុខមាន