នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥នេះ បានប្រជុំជាមួយរដ្ឋមន្រ្តី ការបរទេសសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងថៃ ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែន រវាងកម្ពុជា និងថៃ ដែលកំពុងមានចម្រូងចម្រាស់នោះ។
យោងតាមឆាណែលតេលេក្រាម របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានបញ្ជាក់ថានារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំ ១+៣ (អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ) ដែលផ្តួចផ្តើម និងរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការស្តារឡើងវិញនូវទំនុកចិត្ត ឆ្ពោះទៅប្រក្រតីភាពឡើងវិញ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕



