អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី ក្នុងសុន្ទរកថាដែលចេញផ្សាយនៅថ្ងៃចន្ទ (២៩ កញ្ញា) នេះថា មិនមានសញ្ញាណាមួយពីទីក្រុងគីវឡើយ អំពីការចាប់ផ្តើមឡើងវិញនៃការចរចាសន្តិភាពរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន។
នៅពេលត្រូវសាកសួរថាតើមានការចង្អុលបង្ហាញថ្មីលើកិច្ចពិភាក្សាដែលអាចចាប់ផ្តើមឡើងវិញរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនឬទេ លោក Peskov បានឆ្លើយថា "មិនទាន់មានទេ រហូតមកដល់ពេលនេះ មិនមានសញ្ញាណាមួយពីទីក្រុងគីវ ទាល់តែសោះ"។
ការអត្ថាធិប្បាយរបស់លោក Peskov បានធ្វើឡើងនៅពេលដែលរុស្ស៊ី បន្តវាយប្រហារដោយយានដ្រូន និងមីស៊ីលរាប់រយគ្រឿងលើរដ្ឋធានីគីវ និងផ្នែកផ្សេងទៀតនៃអ៊ុយក្រែន កាលពីព្រឹកថ្ងៃអាទិត្យ ដោយបង្កការស្លាប់ និងរបួសជាច្រើន នៅក្នុងការវាយប្រហារធំបំផុតមួយលើរដ្ឋធានីអ៊ុយក្រែន ចាប់តាំងពីជម្លោះបានចាប់ផ្តើមមក។
អំឡុងការវាយប្រហារនោះ ប៉ូឡូញដែលនៅជិតខាងអ៊ុយក្រែន បានបិទដែនអាកាសរបស់ខ្លួននៅជិតទីក្រុងភាគអាគ្នេយ៍ចំនួន២ ហើយកងកម្លាំងអាកាសប៉ូឡូញ បានប្រុងប្រៀបយន្តហោះចម្បាំងដើម្បីឆ្លើយតបលើហេតុការរណ៍ណាមួយ រហូតដល់គ្រោះថ្នាក់បានកន្លងផុតទៅ។ ប្រភពផ្ទៃក្នុងនិយាយថា អ្នកការទូតអ៊ឺរ៉ុប បានព្រមានវិមានក្រឹមឡាំងនៅសប្តាហ៍នេះថា ណាតូបានត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបនឹងការរំលោភដែនអាកាសណាមួយរបស់សមាជិក ជាមួយនឹងកម្លាំងយ៉ាងពេញទំហឹង រួមទាំងការបាញ់ទម្លាក់យន្តហោះរុស្ស៊ីផងដែរ៕