អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ កញ្ញា) ថា កិច្ចពិភាក្សាស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ជាដំបូងត្រូវតែធ្វើឡើងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិកជាមុនសិន ប៉ុន្តែនៅទីបំផុត ឃ្លាំងអាវុធរបស់ចក្រភពអង់គ្លេស និងបារាំង ត្រូវតែដាក់បញ្ចូលក្នុងការចរចានោះ។
រុស្ស៊ី និងអាមេរិក មានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតលើពិភពលោក ចំណែកបារាំង ត្រូវរាយការណ៍ថាមានប្រមាណ ២៥០ក្បាលគ្រាប់ និងអង់គ្លេស មានប្រហែល ៣០០ក្បាលគ្រាប់។
ការលើកឡើងរបស់លោក Peskov បានធ្វើឡើងស្របពេលសំណើរបស់វិមានក្រឹមឡាំង ទៅកាន់សហរដ្ឋអាមេរិក នៅខែនេះ ក្នុងការបន្តរយៈពេល ១ឆ្នាំទៀត នូវដែនកំណត់លើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ក្រោមសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START របស់ភាគីទាំងពីរ នៅពេលកិច្ចព្រមព្រៀងផុតកំណត់នៅឆ្នាំក្រោយ ប្រសិនបើអាមេរិក ធ្វើដូចគ្នានេះ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា សំណើរបស់លោកប្រធានាធិបតី Vladimir Putin ដូចជា "ល្អណាស់" ប៉ុន្តែបញ្ហានេះគឺអាស្រ័យលើលោកប្រធានាធិបតីអាមេរិក Donald Trump ។ លោក Trump ធ្លាប់និយាយរួចហើយថា លោកចង់បើកការចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី និងចិន។
សន្ធិសញ្ញា New START ត្រូវចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក Barack Obama និងអតីតមេដឹកនាំរុស្ស៊ី លោក Dmitry Medvedev ក្នុងឆ្នាំ២០១០ ហើយចូលជាធរមានមួយឆ្នាំក្រោយមក និងត្រូវបានបន្តនៅឆ្នាំ២០២១ សម្រាប់ពេល ៥ឆ្នាំទៀត បន្ទាប់ពីលោក Joe Biden ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅពេលនោះ។ បារាំង និងអង់គ្លេស មិនធ្លាប់ជាភាគីនៃ New START ឬសន្ធិសញ្ញាពីមុនៗនោះទេ៕