បេសកជនរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺលោក Keith Kellogg បានបង្ហើបពីលទ្ធភាព អំពីការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ទៅលើរុស្ស៊ី ដោយប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីមានការផ្លាស់ប្ដូរថ្មីរបស់រដ្ឋបាល ជុំវិញជម្លោះនេះ។
អំឡុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ (ទី២៨ ខែកញ្ញា) លោក Kellogg ត្រូវបានសួរថា តើលោក Trump បានអនុញ្ញាតឲ្យមានការវាយប្រហារចូលជ្រៅទៅក្នុងដែនដីរុស្ស៊ីដែរ ឬទេ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងមូស្គូត្រូវបានចោទប្រកាន់ថា បានបញ្ជូនយន្តហោះចម្បាំង និងយានដ្រូនចូលទៅរំលោភដែនអាកាសរបស់ប្រទេសអឺរ៉ុបមួយចំនួន។
លោកបាននិយាយថា៖ «ដោយពិចារណានូវអ្វីដែលលោកប្រធានាធិបតី (Trump) បាននិយាយ និងអ្វីដែលអនុប្រធានាធិបតី (J.D.) Vance បាននិយាយ ក៏ដូចជារដ្ឋមន្ត្រីការបរទេស លោក (Marco) Rubio ចម្លើយ គឺមែនហើយ។ ការប្រើប្រាស់សមត្ថភាព វាយចូលយ៉ាងជ្រៅ។ គ្មានកន្លែងណាដែលត្រូវបានចាត់ទុកថា មានសុវត្ថិភាពឡើយ»។
គួរបញ្ជាក់ថា នៅក្នុងកម្មវិធីរបស់ប្រព័ន្ធផ្សព្វផ្សាយ Fox News ដាច់ដោយឡែកមួយ កាលពីថ្ងៃទី២៨ ខែកញ្ញា អនុប្រធានាធិបតី លោក Vance បានលើកឡើងថា សហរដ្ឋអាមេរិកកំពុងមានការពិភាក្សា ស្តីអំពីថា តើត្រូវផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ដល់ទីក្រុងគីវដែរ ឬយ៉ាងណា ជាសំណើដែលលោក Trump បានបដិសេធកាលពីមុន៕