ក្រុមអ្នករៀបចំកងនាវាដឹកជំនួយអន្តរជាតិសម្រាប់តំបន់ហ្កាហ្សា និយាយថា ពួកគេនឹងបន្តការប៉ុនប៉ងទម្លុះការហាមឃាត់នាវាចរណ៍របស់អ៊ីស្រាអែល បើទោះបីជាមានការអង្វរកពីអ៊ីតាលី ជំរុញឲ្យទទួលយកសំណើសម្របសម្រួល និងមិនត្រូវប្រថុយប្រថានបន្ថែមទៀតក៏ដោយ ។
កងនាវា Global Sumud Flotilla(GSF) ដែលមាននាវាស៊ីវិលប្រហែល ៥០គ្រឿង រងការវាយប្រហារដោយយានដ្រូនកាលពីថ្ងៃពុធសប្តាហ៍មុន នៅក្នុងដែនទឹកអន្តរជាតិ ស្ថិតនៅចម្ងាយប្រហែល ៥៦គ.មពីកោះ Gavdos របស់ប្រទេសក្រិក ។ ពុំមាននរណាម្នាក់រងរបួសនោះទេ ប៉ុន្តែនាវាជាច្រើនគ្រឿង រងការខូចខាត ។
កងនាវា GSF បានដាក់ការស្តីបន្ទោសលើអ៊ីស្រាអែលដែលពុំបានឆ្លើយតបចំពោះការចោទប្រកាន់មួយនេះ ប៉ុន្តែពួកគេនិយាយថា ពួកគេនឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីរារាំងនាវាពីការចូលដល់តំបន់ហ្កាហ្សា ។
ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella បានជំរុញឲ្យក្រុមអ្នករៀបចំកងនាវា ទទួលយកសំណើ ដើម្បីទម្លាក់ជំនួយផ្គត់ផ្គង់របស់ពួកគេនៅប្រទេសស៊ីប ហើយប្រគល់វាដល់ក្រុមតំណាងវិហារកាតូលិកក្រុងហ្សេរុយសាឡឹម សម្រាប់ការចែកចាយបន្តទៅកាន់តំបន់ហ្កាហ្សា ។ អ៊ីស្រាអែលនិយាយថា ពួកគេគាំទ្រគំនិតមួយនេះ ប៉ុន្តែកងនាវា GSF ច្រានចោល ។
ពេលវេលាចាកចេញរបស់កងនាវាពីប្រទេសក្រិក នៅពុំទាន់ច្បាស់លាស់នោះទេ ។ ក្រុមអ្នករៀបចំជំនួយនិយាយថា នាវាមួយគ្រឿង បានខូចម៉ាស៊ីន ប៉ុន្តែកងនាវារបស់ពួកគេនឹងបន្តដំណើរតាមការគ្រោងទុក ។
ក្រិកនិយាយថា ពួកគេនឹងធានាសុវត្ថិភាពការធ្វើដំណើររបស់កងនាវានៅជិតប្រទេសក្រិក ។ ការធានានេះ នឹងនាំកងនាវាវិលត្រឡប់ចូលទៅកាន់ដែនទឹកអន្តរជាតិវិញ ។ ក្រុមអ្នករៀបចំជំនួយនិយាយថា នាវារបស់ពួកគេមានបំណងទៅដល់គោលដៅ នៅដើមសប្តាហ៍នេះ ។
លោក Iasonas Apostolopoulos គឺជាសកម្មជនក្រិកមួយរូបនៅលើនាវាដែលបានបោះយុថ្កានៅតំបន់ឆ្នេរកោះ Koufonisi ជិតកោះ Crete បានអំពាវនាវឲ្យមានការគាំទ្រសម្រាប់កងនាវា ដើម្បីទៅដល់តំបន់ហ្កាហ្កសាដោយសុវត្ថិភាព ៕

