ស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ (២៩ កញ្ញា) ថា យោធារបស់ខ្លួនកំពុងធ្វើការវិភាគថា តើសហរដ្ឋអាមេរិក នឹងផ្គត់ផ្គង់មីស៊ីលតម្រង់គោលដៅរយៈចម្ងាយឆ្ងាយ Tomahawk ឱ្យដល់អ៊ុយក្រែនឬក៏អត់ សម្រាប់ការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដោយនោះជាជំហានដ៏គ្រោះថ្នាក់មួយដែលក្រុមមន្ត្រីរុស្ស៊ីព្រមានថា អាចបង្កឱ្យមានការកើនឡើងនៃសង្រ្គាមយ៉ាងខ្លាំងក្លា។
អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាលើសំណើអ៊ុយក្រែន ក្នុងការទទួលបានមីស៊ីល Tomahawk។ គេមិនច្បាស់ឡើយថា តើមីស៊ីលនេះអាចត្រូវផ្គត់ផ្គង់ឱ្យ ឬតាមរយៈប្រទេសណា ប្រសិនបើត្រូវអនុញ្ញាតពិតមែននោះ។
លោកប្រធានាធិបតី Donald Trump មិនទាន់សម្រេចចិត្តចុងក្រោយទេ ហើយលោកតែងប្រយ័ត្នប្រយែងចំពោះការបង្កើនសង្គ្រាមអ៊ុយក្រែន ទៅជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី។ ប៉ុន្តែការពិតដែលថាលោកកំពុងថ្លឹងថ្លែងនូវសកម្មភាពបែបនេះ បានបង្ហាញយ៉ាងច្បាស់ពីទំហំនៃការខកចិត្តរបស់លោកជាមួយនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលបដិសេធមិនយល់ព្រមលើបទឈប់បាញ់ ចាប់តាំងពីកិច្ចប្រជុំកំពូលអាឡាស្កា កាលពីខែមុនមក។
លោក Andrei Kartapolov ប្រធានគណៈកម្មាធិការការពារជាតិនៃសភារុស្ស៊ី បានព្រមានថា អ្នកឯកទេសយោធាអាមេរិកណាក៏ដោយ ដែលជួយអ៊ុយក្រែន បាញ់មីស៊ីល Tomahawk លើរុស្ស៊ី នឹងក្លាយជាគោលដៅរបស់ទីក្រុងមូស្គូ។ វិមានក្រឹមឡាំងវិញក៏ហាក់ប្រុងប្រយ័ត្នលើរឿងនេះដែរ។
គួរឱ្យដឹងថា មីស៊ីល Tomahawk បាញ់បានចម្ងាយ ២.៥០០គីឡូម៉ែត្រ - ងាយនឹងវាយប្រហារដល់ទីក្រុងមូស្គូ និងផ្នែកភាគច្រើននៃរុស្ស៊ីនៅអឺរ៉ុប - ប្រសិនបើត្រូវបាញ់ចេញពីអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានមន្ត្រីវិមានក្រឹមឡាំង កាលពីសប្តាហ៍មុនថា ពួកគេគួរតែត្រៀម "ជម្រកការពារគ្រាប់បែក" ទុកឱ្យហើយ។ លោក Putin ធ្លាប់ព្រមានរួចហើយថា រុស្ស៊ីរក្សាសិទ្ធិក្នុងការវាយប្រហារលើទីតាំងយោធា ក្នុងប្រទេសណាដែលអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើមីស៊ីលរបស់ពួកគេ ដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី៕