អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Kim Son Gyong បាននិយាយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ទី២៩ ខែកញ្ញា ថា ប្រទេសកូរ៉េខាងជើង នឹងមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ ដោយចាត់ទុកថាវាស្មើនឹងការទាមទារឱ្យខ្លួនប្រគល់ដែនអធិបតេយ្យភាព និងសិទ្ធិរស់រានមានជីវិត។
នេះជាលើកទីមួយហើយ ដែលប្រទេសកូរ៉េខាងជើងបានបញ្ជូនមន្ត្រីពីទីក្រុងព្យុងយ៉ាង ដើម្បីថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោកសម្រាប់មហាសន្និបាត ចាប់តាំងពីរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ បានធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កក្នុងឆ្នាំ២០១៨។
លោក Kim បាននិយាយដោយសំដៅលើឈ្មោះផ្លូវការរបស់ប្រទេសគឺសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េថា «ការដាក់ឲ្យទទួលយកនៃការរំសាយអាវុធនុយក្លេអ៊ែរ» លើប្រទេសកូរ៉េខាងជើង គឺស្មើនឹងការទាមទារឱ្យខ្លួនប្រគល់ដែនអធិបតេយ្យភាព និងសិទ្ធិក្នុងការរស់នៅ និងរំលោភលើរដ្ឋធម្មនុញ្ញ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីខែមុនថា លោកមានបំណងជួបមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un នៅឆ្នាំនេះ។ ចាប់តាំងពីការឡើងកាន់តំណែងនៅក្នុងខែមករារបស់លោកTrump លោក Kim បានព្រងើយកន្តើយទៅនឹងការអំពាវនាវដដែលៗរបស់លោក Trump ឱ្យពិនិត្យឡើងវិញនូវទំនាក់ទំនងការទូតផ្ទាល់ដែលលោកបានបន្តក្នុងអំឡុងពេលអាណត្តិឆ្នាំ២០១៧ដល់ឆ្នាំ២០២១របស់លោក ដែលពុំបានបង្កើតកិច្ចព្រមព្រៀងដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងឡើយ។