ក្រុមអាជ្ញាធរសម្រាលគ្រោះមហន្តរាយបាននិយាយថា ក្រុមអ្នកសង្គ្រោះឥណ្ឌូនេស៊ី កំពុងប្រញាប់ប្រញាល់នៅថ្ងៃអង្គារនេះ ដើម្បីស្វែងរកមនុស្សចំនួន៣៨នាក់ ដែលបារម្ភថាបានជាប់ខ្លួន ក្រោមគំនរកម្ទេចថ្ម បន្ទាប់ពីសាលារៀនផ្ដល់កន្លែងស្នាក់នៅដល់សិស្សសាសនាអ៊ីស្លាមមួយបានបាក់រលំនៅក្នុងខេត្តជ្វាខាងកើត ខណៈដែលមនុស្សរាប់សិបនាក់កំពុងចូលរួមពិធីបួងសួងពេលរសៀល ។
ក្រុមអាជ្ញាធរសម្រាលគ្រោះមហន្តរាយខាងលើបាននិយាយ ក្នុងសេចក្ដីថ្លែងការណ៍មួយថា មនុស្សម្នាក់បានស្លាប់ និង១០២នាក់ បានជម្លៀសចេញក្នុងឧបទ្ទវហេតុនេះ កាលពីថ្ងៃចន្ទនៅសាលារៀន Al Khoziny ក្នុងទីប្រជុំជន Sidoarjo នៅពេលអគារនេះបានបាក់រលំអំឡុងការសាងសង់។
លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារនេះ បាននិយាយថា ឧបទ្ទវហេតុភ្លាមៗ បានបណ្ដាលឲ្យសម្ភារសាងសង់អគារនោះដួលរលំលើសិស្ស និងកម្មករសាងសង់ រាប់សិបនាក់ ។
ទីភ្នាក់ងារនេះ និយាយថា មនុស្សប្រហែល១០០នាក់ត្រូវបានសង្គ្រោះ ហើយមនុស្សជិត៨០នាក់ បានរងរបួស និងបញ្ជូនទៅកាន់មន្ទីរពេទ្យ រួចរាល់ហើយ។
ប្រភពដដែលបាននិយាយថាមនុស្សរាប់សិបនាក់កំពុងធ្វើពិធីបួងសួងនៅជាន់ផ្ទាល់ដី នៃអគារនោះ នៅពេលបាក់រលំ ស្របពេលការងារសាងសង់កំពុងបន្តសម្រាប់ជាន់ទី៤នៃសំណង់មួយនេះ៕