ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវឱ្យបង្កើតប្រព័ន្ធការពារដែនអាកាសរួមគ្នាជាមួយអឺរ៉ុប ដើម្បីទប់ទល់នឹងការគំរាមកំហែងតាមអាកាសបង្កឡើងដោយរុស្ស៊ី។ លោក Zelenskyy បានថ្លែងសុន្ទរកថាតាមបណ្តាញអ៊ីនធឺណិតនៅក្នុងវេទិកាសន្តិសុខ ដែលធ្វើឡើងក្នុងទីក្រុង វ៉ាសាវី ប្រទេសប៉ូឡូញ កាលពីថ្ងៃចន្ទ។
លោកបាននិយាយសំដៅទៅលើការលុកលុយកាលពីពេលថ្មីៗនេះរបស់រុស្ស៊ី ចូលទៅក្នុងដែនអាកាសរបស់ប្រទេសប៉ូឡូញ និងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀត ហើយបានស្នើឱ្យបង្កើត «ខែលការពារដែលអាចទុកចិត្តបានរួមគ្នា» ប្រឆាំងការគំរាមកំហែងតាមអាកាសរបស់រុស្ស៊ី។ លោក Zelenskyy និយាយថា «អ៊ុយក្រែន អាចទប់ទល់នឹងយានដ្រូន និងមីស៊ីលគ្រប់ប្រភេទរបស់រុស្ស៊ី ហើយប្រសិនបើយើងមានចំណាត់ការរួមគ្នានៅក្នុងតំបន់ យើងនឹងមានសព្វាវុធគ្រប់គ្រាន់ និងសមត្ថភាពក្នុងការផលិតសព្វាវុធ» សម្រាប់ប្រព័ន្ធការពារដែនអាកាស។
ប្រធានាធិបតីអ៊ុយក្រែនបាននិយាយផងដែរថា មានភស្តុតាងកាន់តែច្រើនដែលថា រុស្ស៊ីប្រហែលជាបានប្រើប្រាស់នាវាដឹកប្រេងនៅក្នុងសមុទ្របាល់ទិកដើម្បីបាញ់បង្ហោះយានដ្រូន ដែលបណ្តាលឱ្យរំខាននៅអឺរ៉ុបខាងជើង។ លោកបាននិយាយថា ប្រសិនបើពិតមែន ការឆ្លងកាត់នាវាដឹកប្រេងបែបនេះ គួរតែត្រូវបានរឹតបន្តឹង។