អាជ្ញាធរបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធបានបំផ្ទុះគ្រាប់បែកក្នុងរថយន្តដ៏ខ្លាំងមួយ នៅខាងក្រៅទីស្នាក់ការកណ្តាលនៃកងកម្លាំងសន្តិសុខប៉ារ៉ាប៉ាគីស្ថាន ក្នុងទីក្រុង Quetta ភាគនិរតី នៅថ្ងៃអង្គារ (ទី៣០ ខែកញ្ញា) នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ និងជាច្រើននាក់ទៀត រងរបួស។

យោងតាមនគរបាលបានឲ្យដឹងថា មុនពេលបំផ្ទុះរថយន្តរបស់ពួកគេ អ្នកវាយប្រហារចំនួន ៤នាក់ដែលនៅខាងក្នុងរថយន្តនោះ បានដើរចេញមកក្រៅ ហើយបានប្រយុទ្ធជាមួយកងទ័ព នៅក្នុងបាញ់ប្រហារដ៏ខ្លាំងក្លាមួយ។
ចំណែកអ្នកស្រុកបានប្រាប់ថា ការផ្ទុះមានកម្លាំងខ្លាំងណាស់ដែលអាចគេឮសំឡេងពីចម្ងាយរាប់គីឡូម៉ែត្រ។ រថយន្តសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ នៅពីមុខអង្គភាព Frontier Constabulary ហើយអ្នកជួយសង្គ្រោះបានដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ។
ភ្លាមៗនេះ គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវនោះឡើយ ទោះបីជាការសង្ស័យ ទំនងជាធ្លាក់ទៅលើក្រុមបំបែកខ្លួនដែលជារឿយៗដាក់គោលដៅលើជនស៊ីវិល និងកងកម្លាំងសន្តិសុខនៅក្នុងខេត្ត Balochistanដែលញាំញីដោយអំពើបះបោរ។
យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលខេត្ត លោក Bakhat Kakar បានឲ្យដឹងថា មានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់ អាចកើនឡើងបន្ថែមទៀត៕
