វិមានក្រឹមឡាំង នាថ្ងៃអង្គារ (ទី៣០ ខែកញ្ញា) បានឲ្យដឹងថា ខ្លួនគាំទ្រផែនការ ២០ចំណុចរបស់ប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «រុស្ស៊ីតែងតែគាំទ្រ និងស្វាគមន៍រាល់កិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតី Trump ដែលធ្វើឡើងក្នុងគោលបំណងបញ្ចប់សោកនាដកម្មដែលកំពុងបន្តមាន»។

លោក Peskov បានបន្ថែមថា៖ «ពិតណាស់ យើងចង់ឲ្យផែនការនេះត្រូវបានអនុវត្ត និងដើម្បីឲ្យវាជួយនាំព្រឹត្តិការណ៍នៅតំបន់មជ្ឈិមបូព៌ាឈានដល់ទីបញ្ចប់ដោយសន្តិវិធី»។
ជាមួយគ្នានេះ អ្នកនាំពាក្យរបស់លោក Vladimir Putin ក៏បានសង្កត់ធ្ងន់ផងដែរថា ទីក្រុងមូស្គូមិនបានចូលរួមក្នុងផែនការសន្តិភាពនៅមជ្ឈិមបូព៌ារបស់ទីក្រុងវ៉ាស៊ីនតោននោះទេ ដោយលោកបាននិយាយថា៖ «រុស្ស៊ីមិនបានទទួលសញ្ញាណាមួយពីសហរដ្ឋអាមេរិក ក្នុងរឿងនេះទេ។ ទីក្រុងមូស្គូបន្តរក្សាទំនាក់ទំនងជាមួយភាគីជម្លោះ នៅមជ្ឈិមបូព៌ា ហើយប្រសិនបើចាំបាច់ ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើនូវកិច្ចប្រឹងប្រែងដោះស្រាយជម្លោះដោយសន្តិវិធី»៕


