សារព័ត៌មានរដ្ឋរាយការណ៍ថា ចំនួនមនុស្សស្លាប់សរុប បានកើនឡើងដល់ ២៦នាក់ ក្នុងនោះមនុស្ស ២២នាក់ កំពុងបាត់ខ្លួន ក្រោយព្យុះទីហ្វុង Bualoi បោកបក់ដល់ដីគោកនៅតំបន់ភាគកណ្តាលឈៀងខាងជើងប្រទេសវៀតណាមកាលពីថ្ងៃចន្ទ ។
ក្រុមអាជ្ញាធរនិយាយនៅថ្ងៃអង្គារនេះថា ព្យុះដ៏ខ្ទេចខ្ទាំបំផុតក្នុងឆ្នាំនេះនៅប្រទេសវៀតណាម បាននាំមកជាមួយភ្លៀងធ្លាក់ខ្លាំងដែលបង្កឲ្យកើតមានទឹកជំនន់នៅទូទាំងតំបន់ភាគខាងជើងប្រទេស ធ្វើឲ្យរំខានដល់ការដឹកជញ្ជូន និងសេវាកម្មរថភ្លើង ក្នុងនោះនៅរដ្ឋធានីហាណូយ សាលារៀនត្រូវបិទទ្វារ ហើយផ្ទះសម្បែងប្រជាពលរដ្ឋ រងការជន់លិច ។

ភ្លៀងផ្គររន្ទះលាយឡំនឹងខ្យល់បក់ខ្លាំង បង្កការជន់លិចដងផ្លូវនៅក្នុងទីក្រុងប្រជុំជនហាណូយ និងបង្កភាពវឹកវរដល់ការធ្វើចរាចរណ៍នៅតាមតំបន់ជាច្រើន ។
អ្នកជិះទោចចក្រយានមួយចំនួន ត្រូវបានគេមើលឃើញរុញយានជំនិះរបស់ពួកគេ កាត់តាមផ្លូវទឹកត្រឹមជង្គង់ ។
រដ្ឋាភិបាលនិយាយថា មនុស្ស ១០៥នាក់ បានរងរបួសផងដែរ ក្នុងនោះផ្ទះសម្បែងប្រជាពលរដ្ឋ ១៣៥.០០០ខ្នង រងការខូចខាត ភាគច្រើននៅខេត្ត Nghe An និងខេត្ត Ha Tinh ហើយដីស្រែ-ចម្ការជាង ២៥.៥០០ហិចតា បានរងការជន់លិច ៕
