យោងតាមប្រភពវេជ្ជសាស្រ្តបានឲ្យដឹងថា ជនប៉ាឡេស្ទីនយ៉ាងហោច ៤៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃរះថ្ងៃអង្គារនេះ រហូតមក ។
ខណៈពេលនោះដែរ ក្រុមហាម៉ាស កំពុងពិនិត្យមើលផែនការសន្តិភាពសម្រាប់តំបន់ហ្កាហ្សារបស់ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Trump ស្របពេលដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Netanyahu និយាយថា យោធារបស់លោកនឹងបន្តនៅតំបន់ភាគច្រើនក្នុងដែនដីមួយនេះ ក្រោយរូបលោកផ្តល់ការគាំទ្រដល់លោក Trump ។
សេតវិមានបានបញ្ចេញឯកសារមាន ២០ចំណុចដែលអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់ ការដោះដូរចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស សម្រាប់អ្នកទោសប៉ាឡេស្ទីនដែលឃុំឃាំងដោយអ៊ីស្រាអែល ការដកទ័ពអ៊ីស្រាអែលតាមដំណាក់កាលចេញពីតំបន់ហ្កាហ្សា ការរំសាយអាវុធក្រុមហាម៉ាស និងការបង្កើតរដ្ឋាភិបាលអន្តរកាលដឹកនាំដោយស្ថាប័នអន្តរជាតិ ។
ក្រុមគ្រួពេទ្យនិយាយថា ជនរងគ្រោះយ៉ាងហោច ១៨នាក់ដែលជាអ្នកស្វែងរកជំនួយ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅភាគកណ្តាលតំបន់ហ្កាហ្សា ។
ចំណែកឯប្រភពវេជ្ជសាស្រ្តនៅមន្ទីរពេទ្យ al-Awda ស្ថិតនៅភាគខាងជើងហ្កាហ្សា បានឲ្យដឹងថា មនុស្ស ៣នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងការផ្លោងគ្រាប់កាំភ្លើងធំអ៊ីស្រាអែលតំបន់ភាគខាងកើតជំរំជនភៀសខ្លួន Nuseirat ស្ថិតនៅកណ្តាលតំបន់ហ្កាហ្សា ។
ដោយឡែក យន្តហោះអ៊ីស្រាអែលមានគោលដៅលើច្រកទ្វារខាងលិចនៃមន្ទីរពេទ្យ al-Awda បណ្តាលឲ្យមនុស្ស ៥នាក់ រងរបួស រួមទាំងបុគ្គលិកមន្ទីរពេទ្យ ២នាក់ផងដែរ ៕