លោកប្រធានាធិបតី Xi Jinping បានអំពាវនាវឲ្យប្រជាជនចិនបន្តរៀនសូត្រពីបទពិសោធន៍ប្រវត្តិសាស្ត្រ ហើយឆ្ពោះទៅមុខជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការជំរុញទំនើបនីយកម្មរបស់ចិន ខណៈដែលប្រទេសនេះ រៀបចំប្រារព្ធទិវាជាតិរបស់ខ្លួន នៅថ្ងៃពុធ (ទី១ ខែតុលា) នេះ។
លោក Xi ដែលជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានគណៈកម្មការយោធាមជ្ឈិមផងដែរនោះ បានធ្វើការកត់សម្គាល់បែបនេះ កាលពីថ្ងៃអង្គារ (ទី៣០ ខែកញ្ញា) ខណៈថ្លែងសុន្ទរកថាក្នុងពិធីបដិសណ្ឋារកិច្ចដែលធ្វើឡើងនៅទីក្រុងប៉េកាំង ដើម្បីអបអរសាទរខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

លោក Xi បានលើកឡើងថា ក្នុងរយៈពេល ៧៦ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់បក្ស ប្រជាជនចិនបានពឹងផ្អែកលើខ្លួនឯង និងប្រឹងតស៊ូឥតឈប់ឈរ ដើម្បីសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យដែលនឹងត្រូវបានចងចាំនៅក្នុងប្រវត្តិសាស្ត្រ។ លោកបានមានប្រសាសន៍ថា៖ «ដោយក្រឡេកមើលទៅអតីតកាល ប្រជាជាតិចិនបានបោះជំហានចេញពីគែមនៃគ្រោះមហន្តរាយទៅកាន់ដំណើររស់ឡើងវិញយ៉ាងអស្ចារ្យ។ មាគ៌ានេះមានភាពតានតឹងក្រៃលែង និងពោរពេញដោយភាពលំបាក ប៉ុន្តែវាក៏ពោរពេញដោយថាមពល និងដំណើរការរីកចម្រើនផងដែរ»។
ជាមួយគ្នានេះដែរ នៅក្នុងសុន្ទរកថារបស់លោក លោក Xi បានរំឮកដល់ពិធីរំលឹកខួបដ៏ធំអស្ចារ្យដែលបានរៀបចំឡើង កាលពីដើមខែកញ្ញា ដែលជាខួបលើកទី៨០ នៃជ័យជំម្នះក្នុងសង្គ្រាមរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន (ឆ្នាំ១៩៣១-៤៥) និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានបំផុសស្មារតីជាតិយ៉ាងខ្លាំងក្លា ជំរុញទឹកចិត្តស្នេហាជាតិ និងពង្រឹងកម្លាំងនៃកិច្ចខិតខំប្រឹងប្រែង។
ហើយលោក Xi បានសង្កត់ធ្ងន់ថា៖ «យើងត្រូវតែបន្តរៀនសូត្រពីបទពិសោធន៍ប្រវត្តិសាស្ត្រ ដើម្បីកសាងប្រទេសរបស់យើងឲ្យកាន់តែប្រសើរឡើង និងដើម្បីធានាបានថា បុព្វហេតុដែលបានត្រួសត្រាយផ្លូវដោយអ្នកដឹកនាំជំនាន់មុន និងទុក្ករបុគ្គលបដិវត្តន៍ បន្តរីកចម្រើនឥតឈប់ឈរ»៕

