នៅថ្ងៃពុធនេះ ក្រុមឆ្មាំល្បាតឆ្នេរហ្វីលីពីននិយាយថា ពួកគេបានបញ្ជូនជំនួយបន្ថែមទៀត ដើម្បីជួយដល់ជនរងគ្រោះដោយសារការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦,៩រ៉ិចទ័រដែលបានសម្លាប់មនុស្សយ៉ាងហោច ៦៩នាក់ ។
ក្រុមមន្រ្តីអះអាងថា មនុស្សយ៉ាងហោច ៦៩នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ និងមនុស្សជិត ១៥០នាក់ផ្សេងទៀត បានរងរបួស ក្រោយការរញ្ជួយដ៏ខ្លាំងក្លាកម្រិត ៦,៩រ៉ិចទ័រវាយប្រហារតំបន់ឆ្នេរខេត្តភាគកណ្តាល Cebu របស់ហ្វីលីពីន ។

មន្ទីរស្ទង់ភូគព្ភសាស្រ្តសហរដ្ឋអាមេរិក និយាយថា ការរញ្ជួយនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៥៩នាទីយប់ ម៉ោងក្នុងស្រុកថ្ងៃអង្គារ នៅជ្រោយភាគខាងជើងកោះ Cebu ស្ថិតនៅជិតទីក្រុង Bogo ដែលមានពលរដ្ឋរស់នៅប្រហែល ៩ម៉ឺននាក់ ហើយបន្ទាប់មកកើតមានការរញ្ជួយដី ៤លើកបន្ថែមទៀត ក្នុងកម្រិត ៥រ៉ិចទ័រ ឬខ្លាំងជាងនេះ នៅតំបន់នោះ ក្រោយភាពរំញ័រលើកដំបូង ។
ចំនួនមនុស្សស្លាប់ថ្មីដែលត្រូវបានបញ្ជាក់នៅថ្ងៃពុធនេះ គឺជាចំនួនកើនឡើងយ៉ាងឆាប់រហ័សពីចំនួនមនុស្សស្លាប់ ២៦នាក់ ដែលត្រូវបានរាយការណ៍ដោយក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាតិហ្វីលីពីន ហើយគេរំពឹងថា ចំនួនមនុស្សស្លាប់សរុប នឹងបន្តកើនឡើងបន្ថែមទៀត ។
នាវាឆ្មាំល្បាតឆ្នេរ បានចាកចេញពីទីក្រុងម៉ានីលជាមួយគ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកផ្សេងទៀត បំពាក់ដោយឧបករណ៍ឆ្លើយតបគ្រាអាសន្ន ហើយនិងត្រូវដាក់ពង្រាយទៅកាន់តំបន់រងផលប៉ះពាល់ ។
ខណៈពេលនោះដែរ ក្រុមជួយសង្រ្គោះ កំពុងព្យាយាមស្វែងរកអ្នករស់រាន ។ ទាហាន នគរបាល និងក្រុមស្ម័គ្រចិត្តស៊ីវិល ដោយមានការគាំទ្រពីសុនខហិតក្លិន ត្រូវបានដាក់ពង្រាយ ដើម្បីរុករកពីផ្ទះមួយទៅផ្ទះមួយ ដើម្បីស្វែងរកអ្នករស់រាន ។
ដោយឡែក ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានធ្វើការធានាជូនដល់អ្នករស់រានថា ពួកគេនឹងទទួលបានជំនួយភ្លាមៗ ក្នុងនោះរដ្ឋលេខាធិការនៃគណៈរដ្ឋមន្រ្តីរបស់លោកនឹងបញ្ជាប្រតិបត្តិការផ្តល់ជំនួយនេះដោយផ្ទាល់ ៕
