នៅថ្ងៃពុធនេះ ប្រធានាធិបតីនិហ្សេរីយ៉ាលោក Bola Tinubu បានប្រកាសថា ថ្ងៃដ៏អាក្រក់បំផុតបានកន្លងផុតទៅ បន្ទាប់ពីកំណែទម្រង់សេដ្ឋកិច្ចដ៏ឈឺចាប់ជាបន្តបន្ទាប់ដែលបានធ្វើឲ្យមនុស្សរាប់លាននាក់ ជួបការលំបាក ដោយសារការចំណាយកើនឡើង និងភាពក្រីក្រកាន់តែលិចលង់ខ្លាំង ។
នៅក្នុងសុន្ទរកថាថ្នាក់ជាតិជាការប្រារព្វទិវាឯករាជ្យជាតិលើកទី ៦៥របស់នីហ្សេរីយ៉ា លោក Tinubu បាននិយាយការពារដល់ការសម្រេចចិត្តរដ្ឋបាលរបស់លោក ក្នុងការបោះបង់ចោលឧបត្ថម្ភធនប្រេង និងបង្រួបបង្រួមអត្រាប្តូរប្រាក់បរទេស គឺជាចំណាត់ការមួយធ្វើឲ្យកើតមានអតិផរណា និងការខឹងសម្បាររបស់សាធារណជន ប៉ុន្តែលោកនិយាយថា វាចាំបាច់ ដើម្បីបង្កើតសេដ្ឋកិច្ចឡើងវិញ ។

លោក Tinubuបង្ហាញផងដែរពី ៥ត្រីមាសជាប់ៗគ្នានៃអតិរេកពាណិជ្ជកម្ម ការងើបឡើងវិញការផលិតប្រេង ១,៦៨លានបារ៉ែលក្នុង ១ថ្ងៃ ហើយនិងការកើនឡើងទុនបម្រុងខាងក្រៅរហូតដល់ ៤២,០៣ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០១៩ ។
ប្រធានាធិបតីរូបនេះ និយាយទៀតថា រដ្ឋាភិបាលរបស់លោក បានបញ្ចេញសាច់ប្រាក់ជិត ២២៣លានដុល្លារ ដល់ពលរដ្ឋងាយរងគ្រោះ ៨លានគ្រួសារ ក្រោមកម្មវិធីវិនិយោគសង្គម ហើយនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវរថភ្លើង ផ្លូវថ្នល់ អាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ ។
សូមបញ្ជាក់ថា នៅក្នុងចំណោមពលរដ្ឋនីហ្សេរីយ៉ាជាង ១២៩លាននាក់ ជាងពាក់កណ្តាលនៃពួកគេរស់នៅក្រោមបន្ទាត់ក្រីក្រ ខណៈការកាត់ផ្តាច់ហិរញ្ញវត្ថុពីម្ចាស់ជំនួយអន្តរជាតិ បានបង្ខំឲ្យកម្មវិធីស្បៀងអាហារពិភពលោក បិទមជ្ឈមណ្ឌលអាហារូបត្ថម្ភ ១៥០កន្លែង នៅតំបន់ភាគឦសានដែលរងគ្រោះដោយសារជម្លោះ ៕
