មេបញ្ជាការជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) នៅថ្ងៃថ្ងៃពុធ (ទី១ ខែតុលា) នេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars ថា សមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ នឹងត្រូវបានអភិវឌ្ឍឲ្យដល់ចំណុចណាមួយដែលចាត់ទុកថា ចាំបាច់ ដើម្បីឆ្លើយតបចំពោះអ្វីដែលលោកបាននិយាយថា ជាការទាមទាររបស់ប្រទេសលោកខាងលិច ក្នុងការទប់ស្កាត់មីស៊ីលរបស់ទីក្រុងតេអេរ៉ង់។
ការទាមទាររបស់សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួន ក្នុងការដាក់កម្រិតលើសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលរារាំងផ្លូវទៅកាន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីអ៊ីរ៉ង់។

បណ្តាប្រទេសលោកខាងលិចបារម្ភថា កម្មវិធីចម្រាញ់សារធាតុអ៊ុយនីរ៉ាញ៉ូមរបស់អ៊ីរ៉ង់ អាចផ្តល់ធាតុសំខាន់ចាំបាច់ ក្នុងការផលិតក្បាលគ្រាប់បរមាណូ ហើយថា ប្រទេសនេះព្យាយាមផលិតមីស៊ីលបាលីស្ទិក ដើម្បីពាំក្បាល់គ្រាប់។ ទីក្រុងតេអេរ៉ង់បដិសេធមិនបានប្រឹងប្រែងផលិតអាវុធនុយក្លេអ៊ែរនោះឡើយ។
មីស៊ីលរបស់អ៊ីរ៉ង់ មានរយៈចម្ងាយកំណត់ ២.០០០គីឡូម៉ែត្រ ដែលមន្ត្រីបាននិយាយកន្លងមកថា គ្រប់គ្រាន់ ក្នុងការការពារប្រទេស ព្រោះរយៈចម្ងាយនេះ អាចបាញ់ដល់អ៊ីស្រាអែល។
តែយ៉ាងណាក្ដី ដោយសារគ្រាប់រ៉ូកែតដែលមានមូលដ្ឋាននៅខេត្តភាគខាងលិចរបស់អ៊ីរ៉ង់ ត្រូវបានដាក់គោលវាយប្រហារដោយយន្តហោះចម្បាំងអ៊ីស្រាអែល កាលពីខែមិថុនា ទីក្រុងតេអេរ៉ង់បានបាញ់បង្ហោះមីស៊ីលជាបន្តបន្ទាប់ពីភាគខាងកើតបន្ថែមទៀត នៅក្នុងដែនដីរបស់ខ្លួន ដែលទាមទារឲ្យមានមីស៊ីលរយៈចម្ងាយឆ្ងាយជាងនេះ។
ហើយមេបញ្ជាការរងនៃទីបញ្ជាការយោធាភូមិភាគកណ្តាល Khatam al-Anbiya គឺលោក Mohammad Jafar Asadi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Fars ថា «មីស៊ីលរបស់យើងនឹងទៅដល់រយៈចម្ងាយដែលត្រូវការ»៕
