ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ពលរដ្ឋមានអាយុពី១៨ឆ្នាំឡើង មកទទួលការចាក់វ៉ាក់សាំង នៅរាជធានីភ្នំពេញដូសទី៣ មានចំនួនជាង១លាននាក់ និងដូសទី៤ មានចំនួនជាង៤៥ម៉ឺននាក់។ ការចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ គឺដើម្បីបង្កើនអង់ទីគ័រទប់ទល់ នឹងការវាយលុកពីជំងឺកូវីដ-១៩។
ពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងទី៤ នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ នៅថ្ងៃទី១ ខែកុម្ភៈនេះ បានប្រាប់BTVឱ្យដឹងថា ការចាក់វ៉ាក់សាំងពិតជារឿងសំខាន់ ព្រោះអាចទប់ទល់ពីការ វាយលុកពីជំងឺកូវីដ-១៩ និងបានជួយបង្កើនទំនុកចិត្តបន្ថែមទៀត ក្នុងរស់នៅតាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩។
ពួកគេ បានបន្តថា ទោះបីចាក់វ៉ាក់សាំងដូសជំរុញរួចហើយក្តី ក៏នៅតែបន្តអនុវត្តវិធានសុខាភិបាល ៣កុំ ៣ការពារ។
របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលBTVទទួលបាននៅថ្ងៃទី០១ ខែកុម្ភៈនេះ បានបង្ហាញថា គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ពលរដ្ឋមានអាយុពី ១៨ឆ្នាំឡើង មកទទួលការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ ដូសទី៣ មានចំនួនជាង១លាន នាក់ និងដូសទី៤ មានចំនួនជាង៤៥ម៉ឺននាក់។
ពលរដ្ឋដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ រាប់ចាប់ពីដូសទី១ឡើងទៅ គឺអាចទៅទទួលការការចាក់វ៉ាក់សាំង នៅទីតាំងសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋានរស់នៅរបស់ពួកគេ។
បច្ចុប្បន្នកម្ពុជា បានបើកដំណើរការប្រទេសឡើងវិញតាមបែបគន្លងថ្មី បន្ទាប់ពីទទួលបានជោគ ជ័យលើនយោបាយចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត ៩០ភាគរយ ធៀបនឹងចំនួនពលរដ្ឋជាង ១៦លាននាក់៕អត្ថបទ៖ ទូច សោភ័ណ