ទីភ្នាក់ងារព័ត៌មាន ANI រាយការណ៍ដោយលើកសម្តីមន្រ្តីរដ្ឋាភិបាលថា កម្មករ ៩នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៥នាក់ផ្សេងទៀត បានរងរបួស ក្នុងឧបទ្ទេវហេតុនៅរោងចក្រថាមពលកម្តៅដែលស្ថិតក្រោមការសាងសង់នៅទីក្រុងភាគខាងត្បូង Chennai ប្រទេសឥណ្ឌា ។
អ្នកដែលរងរបួស ក្រោយមកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ។

លោក J. Radhakrishnan គឺជារដ្ឋលេខាធិការនៃក្រុមប្រឹក្សាភិបាលអគ្គិសនីរដ្ឋ Tamil Nadu និងជាម្ចាស់រោងចក្រនេះ និយាយថា ឧបទ្ទេវហេតុខាងលើ បានកើតឡើង ពេលដែលគ្រោងដែកបាក់លើការដ្ឋានសំណង់ ស្ថិតនៅក្នុងគម្រោងថាមពលកម្តៅ Ennore SEZ Supercritical ។
ចំណែកឯលោក M.K. Stalin គឺជារដ្ឋមន្រ្តីប្រចាំរដ្ឋ Tamil Nadu បានបញ្ជាក់ការស្លាប់នេះ នៅលើបណ្តាញព័ត៌មានសង្គម X ដោយលោកនិយាយថា កម្មករទាំង ៩នាក់នេះ មកពីរដ្ឋភាគខាងកើត Assam ។
ដោយឡែក មូលហេតុដែលនាំឲ្យកើតមានហេតុការណ៍បាក់គ្រោងដែកនេះ ពុំត្រូវបានកំណត់ដឹងនោះទេ ខណៈដែលក្រុមអាជ្ញាធរកំពុងចុះប្រតិបត្តិការជួយសង្រ្គោះ និងបើកការស៊ើបអង្កេតចំពោះឧបទ្ទេវហេតុនេះ ៕
