ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានរាយការណ៍ថា សេវាអ៊ីនធឺណិតនិងទូរស័ព្ទដែលត្រូវបានបិទនៅទូទាំងប្រទេសចាប់តាំងពីថ្ងៃចន្ទ សប្តាហ៍នេះ ត្រូវបានស្តារឡើងវិញ។ រដ្ឋាភិបាលបណ្តោះអាសន្នរបស់ក្រុមតាលីបង់ បាននឹងកំពុងចាត់វិធានការដើម្បីហាមឃាត់ការចូលប្រើអ៊ីនធឺណិត ដោយកាត់ផ្តាច់បណ្តាញខ្សែកាបអុបទិកទៅកាន់ខេត្តមួយចំនួនចាប់តាំងពីពាក់កណ្តាលខែកញ្ញា ដើម្បីការពារអ្វីក្រុមនេះហៅថាឥរិយាបថអសីលធម៌។

ក្រុមតាលីបង់ ទំនងជាបានពង្រីកការហាមឃាត់នៅទូទាំងប្រទេសកាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យជើងហោះហើរនៅអាកាសយានដ្ឋានកាប៊ុលត្រូវបានលុបចោល និងធ្វើឱ្យជាប់គាំងដល់ប្រព័ន្ធធនាគាររបស់ប្រទេស។ ក្រុមតាលីបង់ មិនទាន់បានធ្វើអត្ថាធិប្បាយលើការបន្តឡើងវិញនេះនៅឡើយទេ។ ប៉ុន្តែកន្លងមក ក្រុមនេះបានបង្ហាញការព្រួយបារម្ភអំពីរឿងអាសអាភាសនៅលើបណ្តាញអ៊ីនធឺណិត និងមាតិកាអនឡាញផ្សេងទៀត។
បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននឹងកំពុងអំពាវនាវឱ្យចាប់ផ្តើមឡើងវិញនូវសេវាកម្មយ៉ាងឆាប់រហ័ស ដោយលើកឡើងពីការគំរាមកំហែងដល់សន្តិសុខសេដ្ឋកិច្ច។ បេសកកម្មនេះក៏បាននិយាយផងដែរថា ប្រព័ន្ធទូរគមនាគមន៍មានសារៈសំខាន់ក្នុងអំឡុងពេលមានគ្រោះមហន្តរាយ។

