នាយករដ្ឋមន្ត្រីបារាំងលោក Sebastien Lecornu បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃព្រហស្បតិ៍នេះថា នគរបាលបារាំង បានចាប់ខ្លួនសមាជិកនាវិកពីរនាក់នៃនាវាដឹកប្រេងដែលសង្ស័យថា ជាកម្មសិទ្ធិរបស់កងនាវាស្រមោលរុស្ស៊ី បន្ទាប់ពីកងទ័ពជើងទឹកបារាំង បានឡើងលើនាវានោះ កាលពីចុងសប្តាហ៍។

សមាជិកនាវិកទាំងពីរនាក់ ត្រូវបានចាប់ខ្លួន តាមសំណើរបស់រដ្ឋអាជ្ញាដែលការិយាល័យរបស់ពួកគេ កំពុងធ្វើការស៊ើបអង្កេតលើនាវានោះ ដែលបច្ចុប្បន្នកំពុងបោះយុថ្កានៅភាគខាងលិចប្រទេសបារាំង។ នាវិករបស់នាវានេះ ត្រូវបានចោទប្រកាន់ពីបទខកខានមិនបានផ្តល់ភស្តុតាងនៃសញ្ជាតិរបស់នាវា និងការមិនគោរពតាមបញ្ជា៕
