នៅថ្ងៃព្រហស្បតិ៍នេះ រុស្ស៊ីនិយាយថា សេចក្តីអត្ថាធិប្បាយរបស់សហភាពអឺរ៉ុប និងប្រទេសសមាជិកអង្គការណាតូពីការគំរាមកំហែងរបស់រុស្ស៊ី បង្ហាញថា ពួកគេត្រៀមខ្លួនបង្ករឿងជាមួយទីក្រុងមូស្គូ ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា សេចក្តីថ្លែងការណ៍របស់ពួកគេ បង្ហាញយ៉ាងច្បាស់ថា ទី ១ ពួកគេត្រៀមខ្លួនខ្សែសង្វាក់បង្ករឿង ហើយទី ២ ពួកគេត្រូវការកែតម្រូវថវិកាយោធារបស់ពួកគេ ។

កាលពីថ្ងៃពុធម្សិលមិញ ក្រុមមេដឹកនាំសហភាពអឺរ៉ុប បានរួមគ្នាគាំទ្រផែនការជញ្ជាំងដ្រូន ដើម្បីពង្រឹងវិស័យការពាររបស់ប្លុកមួយនេះ ប្រឆាំងនឹងយានដ្រូនរបស់រុស្ស៊ី ខណៈថ្នាក់ដឹកនាំអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុងCopenhagen រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបំពានដែនអាកាសដោយយានដ្រូន បង្កការភ្ញាក់ផ្អើលខ្លាំងនៅប្រទេសដាណឺម៉ាក ។
អាជ្ញាធរអ៊ឺរ៉ុប បានចោទរុស្ស៊ីថានៅពីក្រោយការបំពានដែនអាកាសក្នុងតំបន់នេះ រួមទាំងការជ្រៀតចូលថ្មីៗដោយយានដ្រូនរបស់ទីក្រុងមូស្គូលើដែនអាកាសប៉ូឡូញ និងយន្តហោះចម្បាំងលើទឹកដីអេស្តូនី ។
នៅក្នុងសប្តាហ៍នេះដែរ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានកោតសរសើរគំនិតជញ្ជាំងដ្រូនថា ទាន់ពេលវេលា និងចាំបាច់ ៕
