មន្ត្រីម្នាក់មកពីក្រុមហាម៉ាសនិយាយថា ក្រុមប៉ាឡេស្ទីននឹងឆ្លើយតបក្នុងពេលឆាប់ៗនេះ ចំពោះសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដើម្បីបញ្ចប់សង្រ្គាមជិតពីរឆ្នាំរបស់អ៊ីស្រាអែលនៅលើតំបន់ហ្កាហ្សា។
សមាជិកការិយាល័យនយោបាយរបស់ ក្រុមហាម៉ាស លោក Mohammed Nazzal បានប្រាប់ទូរទស្សន៍ Al Jazeera Arabic កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ក្រុមនេះកំពុងពិភាក្សាអំពីផែនការរបស់លោក Trump ជាមួយនឹងគោលដៅនៃការបញ្ឈប់សង្រ្គាមរបស់អ៊ីស្រាអែលលើតំបន់ ហ្កាហ្សា ហើយនឹងប្រកាសពីជំហររបស់ខ្លួនលើសំណើនេះក្នុងពេលឆាប់ៗ។
លោក Nazzal បាននិយាយថា ក្រុមហាម៉ាស ក្នុងនាមជាអ្នកតំណាងនៃការតស៊ូរបស់ប៉ាឡេស្ទីន មានសិទ្ធិក្នុងការបញ្ចេញទស្សនៈរបស់ខ្លួន ក្នុងរបៀបមួយដែលបម្រើផលប្រយោជន៍ របស់ប្រជាជនប៉ាឡេស្ទីន។
លោក Nazzal បាននិយាយថា យើងមិនកំពុងដោះស្រាយ ជាមួយផែនការ ក្រោមហេតុផលថាពេលវេលា គឺជាដាវដែលភ្ជង់ករបស់យើងនោះទេ ។
នៅក្នុងការចរចាកាលពីកន្លងទៅ ក្រុមហាម៉ាស បានទទូចលើការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ដែលរងគ្រោះដោយទុរ្ភិក្ស ហើយបាននិយាយថា ខ្លួនកំពុងស្វែងរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ ជាមួយនឹងការធានាថា គ្រួសារដែលរត់ភៀសខ្លួនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ជាពិសេសនៅភាគខាងជើងនៃតំបន់ហ្កាហ្សា ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែលកំពុងបង្កើនការវាយប្រហារ៕