អ្នកស្រុកជាច្រើនបានបោះជំរំស្នាក់នៅខាងក្រៅកាលពីថ្ងៃព្រហស្បតិ៍ ២ តុលា ដោយភ័យខ្លាចការថាមានរលករញ្ជួយបន្ថែមទៀត ដែលបណ្តាលមកពីការរញ្ជួយដីដ៏ខ្លាំងមួយនៅកណ្តាលប្រទេសហ្វីលីពីន។
នៅឯទីវាលមួយកន្លែងក្នុងទីក្រុង Bogo ខេត្ត Cebu ដែលនៅជិតចំណុចកណ្តាលនៃការរញ្ជួយដីបំផុត តង់បណ្តោះអាសន្នប្រហែលជាង២០កន្លែង បានតម្លើងសម្រាប់ពលរដ្ឋស្នាក់អាស្រ័យនៅពេលយប់ ខណៈមនុស្សជាច្រើនភ័យខ្លាចមិនហ៊ានស្នាក់នៅក្នុងផ្ទះ។
អ្នកស្រី Jhack Puno ដែលទើបតែបង្កើតតង់រួមគ្នាជាមួយប្តី និងកូនពីរនាក់បាននិយាយថា ពួកគេស្នាក់នៅក្នុងជំរំតង់នេះ តាំងពីថ្ងៃអង្គារមកម៉្លេះ ហើយសូម្បីតែពេលនេះក៏ដោយ ក៏អ្នកស្រីសម្រានមិនលក់ដែរ ព្រោះគ្រោះមហន្តរាយនេះបានធ្វើឲ្យអ្នកស្រីមានជំងឺភ័យខ្លាច។
គ្រោះរញ្ជួយដីកាលពីល្ងាចថ្ងៃអង្គារ ៣០ កញ្ញា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២ នាក់ និងជាង៣០០ បានរងរបួស និងបណ្តាលឱ្យមនុស្សជាង២០.០០០នាក់ ជម្លៀសខ្លួនចេញពីលំនៅឋាន ។
ការិយាល័យរញ្ជួយដីរបស់ប្រទេសហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍បានកត់ត្រារលករញ្ជួយសរុបចំនួន៣.០១៨ លើក ក្នុងចន្លោះពី១ ទៅ៥ រ៉ិចទ័រ ខណៈរលករញ្ជួយចំនួន១៥ក្នុងចំណោមរលករញ្ជួយទាំងនោះត្រូវបានទទួលអារម្មណ៍ដោយអ្នកស្រុក។ ប្រភពដដែលបានបន្ថែមថា រលករញ្ជួយ អាចមានរយៈពេលជាច្រើនសប្តាហ៍ និងរាប់ខែទៅមុខ៕