ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli ប្រធានគណៈប្រតិភូសហព័ន្ធនៃសមាជិកសភា ម៉ាឡេស៊ីដើម្បីសន្តិភាពពិភព ដែលហៅកាត់ថា PFWP បានសន្យាថា នឹងខិតខំស្វែងរកដំណោះដោយសន្តិវិធី ដើម្បីបញ្ចប់បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃឲ្យបានឆាប់ៗខាងមុខនេះ។
នៅក្នុងកិច្ចជំនួបពិភាក្សាជាមួយសម្តេចមហារដ្ឋសភាធបិតី ឃួន សុដារី នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md Ramli បានលើកឡើងថា ឯកឧត្តមបានដឹងហើយអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ហើយឯកឧត្តមសន្យាថា នឹងខិតខំធ្វើយ៉ាងណាស្វែងរកដំ ណោះស្រាយ បញ្ចប់បញ្ហានេះឲ្យបានឆាប់ៗ ដើម្បីឲ្យស្ថានការណ៍វិលទៅរកសភាពដើមវិញ ដើម្បីសេចក្តី សុខ និងភាពរីកចម្រើនរវាងប្រជាជនកម្ពុជា និងប្រជាជនថៃ។
នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើងអំពីជម្លោះព្រំ ដែនកម្ពុជា និងថៃប្រាប់ទៅកាន់ប្រធានគណៈប្រតិភូសហព័ន្ធនៃសមាជិកសភាម៉ាឡេស៊ីដើម្បីសន្តិភាពពិភពលោកបន្ថែមទៀតផងដែរថា ភាគីថៃតែងតែធ្វើការយាយីដល់កម្ពុជាជារឿយៗ បើទោះបីជាកម្ពុជា និងថៃ បានធ្វើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយគ្នាកាលពីកន្លងទៅក៏ដោយ។
សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏បានប្រាប់ទៅប្រធានគណៈប្រតិភូសហព័ន្ធនៃសមាជិកសភា ម៉ាឡេស៊ីដើម្បីសន្តិភាពពិភពផងដែរថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃអាចនឹងឆាប់ចប់ប្រសិនបើថៃប្រើប្រាស់ផែនទី សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ខណៈកម្ពុជាបានប្រើប្រាស់ផែនទីនេះ ដើម្បីដោះស្រាយជម្លោះ ប៉ុន្តែផ្ទុយទៅវិញភាគីថៃបានប្រើប្រាស់ផែនទីជាឯកតោភាគី ដូច្នេះការប្រើប្រាស់ ផែនទីផ្ទុយគ្នា និងឯកសារមិនស៊ីគ្នាយ៉ាងដូច្នេះជម្លោះអាចនឹងបន្តអូសបន្លាយយូរ។
យ៉ាងណាក៏ដោយសម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ក៏បានបញ្ជាក់អំពីជំហររបស់កម្ពុជាជាថ្មី ម្តងទៀតទៅកាន់ភាគីម៉ាឡេស៊ី និងពិភពលោកថា កម្ពុជានៅតែបន្តដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី និងប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដូចជាកិច្ចប្រជុំGBC កិច្ចប្រជុំ JBC និងកិច្ចប្រជុំRBC ជាដើម រួមទាំងផ្អែកទៅគោលការណ៍ច្បាប់អន្តរជាតិ អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានជាដើម។នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចប្រធានរដ្ឋសភាក៏បានថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ដែលបាន ខិតខំស្វះស្វែងរកដំណោះស្រាយជម្លោះរវាងកម្ពុជា និងថៃផងដែរ។
ឯកឧត្តមបណ្ឌិត Mohd Hatta បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមបណ្ឌិតបានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រតិភូសភាម៉ាឡេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានកត់សម្គាល់នូវការរីកចម្រើននៅកម្ពុជាផងដែរ៕ អត្ថបទ៖ បាន ចក់