ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (២ តុលា) បាននិយាយថា បុគ្គលិកសហព័ន្ធអាចត្រូវបានបណ្តេញចេញពីការងារកាន់តែច្រើនថែមទៀត ហើយគម្រោងនានាអាចត្រូវកាត់បន្ថយ ប្រសិនបើការបិទរដ្ឋាភិបាលនៅតែបន្ត ខណៈបង្ហើបថា ប្រជាជនអាមេរិក អាចទទួលបានមូលប្បទានប័ត្របង្វិលឱ្យដល់ពួកគេពីចំណូលពន្ធថ្មី។
នៅពេលត្រូវសាកសួរក្នុងបទសម្ភាសន៍មួយពីអនុស្សរណៈថ្មីទាក់ទងនឹងការបណ្ដេញបុគ្គលិករបស់ការិយាល័យគ្រប់គ្រង និងថវិកា លោក Trump បាននិយាយថា "អាចនឹងមានការរំសាយការងារនោះពិតមែន ហើយនោះជាកំហុសរបស់ក្រុមអ្នកប្រជាធិបតេយ្យក្នុងសភា"។ លោកបន្តថា "មន្រ្តីអាចនឹងកាត់គម្រោងមួយចំនួនជាអចិន្ត្រៃយ៍ផងដែរ"។
លោក Trump បាននិយាយថា ប្រាក់ចំណូលពីពន្ធថ្មីទើបតែចាប់ផ្តើមចូល ហើយនៅទីបំផុតអាចឈានដល់ ១សែនកោដិដុល្លារក្នុងមួយឆ្នាំ ដោយមូលនិធិមួយចំនួននឹងជួយទូទាត់បំណុលរបស់រដ្ឋាភិបាល ហើយរដ្ឋបាលរបស់លោកកំពុងគិតចង់ប្រើចំណូលពន្ធដើម្បីចេញសែកប្រាក់បង្វិលឱ្យជនជាតិអាមេរិក ប្រមាណជា ១ពាន់ ទៅ ២ពាន់ដុល្លារ។
គួរឱ្យដឹងថា រដ្ឋាភិបាលសហព័ន្ធបានបិទមួយផ្នែកនៅថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីសភាបរាជ័យក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងផ្តល់មូលនិធិ ដោយមានតែសេវាកម្មសំខាន់ៗរបស់រដ្ឋាភិបាលអាមេរិកប៉ុណ្ណោះដែលនៅតែបន្ត។ សេតវិមាននិយាយថា ការបញ្ឈប់បុគ្គលិកសហព័ន្ធគឺ "ជិតមកដល់ហើយ" ហើយអាចនាំឱ្យមនុស្សបាត់បង់ការងារជាអចិន្ត្រៃយ៍ក្នុងពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ៕