អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (២ តុលា) ថា មនុស្សជិត ៤២.០០០នាក់ នៅក្នុងតំបន់សង្រ្គាមហ្កាហ្សា កំពុងរស់នៅជាមួយរបួស "ផ្លាស់ប្តូរជីវិត" ដោយសារតែជម្លោះកំពុងបន្ត - រួមទាំងកុមារជាង ១០.០០០នាក់ - ខណៈប្រព័ន្ធសុខភាពនៅដែនដីប៉ាឡេស្ទីននេះបានដួលរលំ និងទប់ទល់លែងជាប់ហើយ នៅក្រោមភាពតានតឹងឥតឈប់ឈរ។
លោក Rik Peeperkorn តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ West Bank និងហ្កាហ្សា បាននិយាយថា "របួសផ្លាស់ប្តូរជីវិតទាំងអស់នេះ មានចំនួន ១ភាគ៤ នៃតួលេខដែលបានរាយការណ៍ទាំងអស់ ក្នុងចំណោមអ្នករបួសសរុបជាង ១៦៧.៣០០នាក់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក"។
ជាមួយគ្នានេះ ការវិភាគថ្មីមួយពីទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ បានរកឃើញថា មួយភាគបួននៃអ្នករងរបួសទាំងអស់ក្នុងជម្លោះរយៈពេលជិត ២ឆ្នាំមកនេះ រួមមានរបួសដែលនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងផ្លូវកាយ និងផ្លូវចិត្តពេញមួយឆាកជីវិតរបស់ពួកគេ។
ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមដោយសារការវាយប្រហារឆ្លងព្រំដែនរបស់ពួកហាម៉ាស លើអ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក ការវាយលុកសងសឹករបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៦៦.០០០នាក់ នេះបើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដែលអង្គការសហប្រជាជាតិ ចាត់ទុកថាអាចទុកចិត្តបាន៕